ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តស៊េរីទំនើប ១គ្រឿងបោះពួយយ៉ាងលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូកង់បី១គ្រឿង ដែលកំពុងបើកឆ្លងកាត់ផ្លូវទាំងកំរោល។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពី ១១និង៥០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្សារដើមអំពិល តាមបណ្ដោយផ្លូវឧកញ៉ា ម៉ុងរិទ្ធីកែងនិងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូកង់បី១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1M-2535 ធ្វើដំណើរពីជើងទៅត្បូងតាមផ្លូវបេតុង ។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូកង់បី បានបើកឆ្លងផ្លូវឧកញ៉ាម៉ុងរិទ្ធី បំណង់បត់ឆ្វេងឆ្ពោះទៅអតីតករង្វង់មូលកាំខូស៊ីតធី។ ស្របពេលនោះ ស្រាប់តែមានរថយន្តស៊េរីទំនើប១គ្រឿង ម៉ាកអូឌី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-2211 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច ជាមួយល្បឿយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូកង់បីខាងលើ ពេញទំហឹង បណ្ដាលឲ្យខ្ទាតម៉ូតូដាច់ចេញពីរម៉កសណ្តោងលោតទៅផ្លូវម្ខាងទៀត រងការខូចខាតស្ទើរទាំងស្រុង ចំណែកបុរសជាអ្នកបើកម៉ូតូកង់បី បានរងរបួសធ្ងន់។ ដោយទ្បែករថយន្តបង្ក បានបន្តបុកអូសរ៉ឺម៉កសណ្តោងឡើងទៅលើខឿនផ្ទះប្រជាពលរដ្ឋ ចម្ងាយប្រមាណ៥ម៉ែត្រ រងការខូចខាតផ្នែងខាងមុខយ៉ាងដំណំ។
មួយសន្ទុះមក ក៏មានរថយន្តសង្គ្រោះបន្ទាន់ បានមកដឹកជនរងគ្រោះ ទៅមន្ទីពេទ្យកាល់ម៉ែតភ្លាមៗផងដែរ។
ក្រោយកើតហេតុ ម៉ូតូកង់បី រថយន្តបង្ក រួមទាំងអ្នកបើកបរ បន្ទាប់ពីសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងរួច ក៏បាននាំយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ តាមនីតិវិធីច្បាប់៕
មតិយោបល់