រតនគិរីៈ រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្យចំនួន៣នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចមុខយានដ្ឋានជាងដា ស្តិតក្នុងភូមិ៧មករាសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
សមត្ថកិច្ចនគបាលចរាចរណ៍បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ កាន់ សំភ័ស្ភ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បើកបររថយន្តម៉ាកតូយូតា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២F-៨១៦១ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តម៉ាកតូយូតាមួយបាំងកន្លះ ពណ៌ខ្មៅអត់ស្លាកលេខ បើកបរដោយឈ្មោះ ថាន់ អូភី ភេទប្រុស អាយុ៥៦ឆ្នាំជនជាតិឡាវ រស់នៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និងអ្នករួមដំណើរឈ្មោះ ថាន ចយណយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឡាវ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត២គ្រឿងនេះបើកបរបញ្ច្រសទិសគ្នាមកដល់កន្លែងកើតហេតុ ក៏បានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២នោះខូចខាតទាំងស្រុងផ្នែកខាងមុខ ចំណែកមនុស្សទាំង៣នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត។
បច្ចុប្បន្នរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាយល័យនគបាលចរាចរណ៍ខេត្តរង់ចាំធ្វើការដោះស្រាយជាក្រោយ៕
មតិយោបល់