ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា បើករថយន្តបុករះ បង្កការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តលុចស៊ីស RX300 បុករថយន្តស៊ីណា និងបន្តបុកទូរដាក់លក់ភេសជ្ជ: លើចិញ្ចើមផ្លូវ បណ្ដាលឱ្យបាក់បែក រាយប៉ាយភេសជ្ជពេញផ្លូវ កាលពីវេលាម៉ោង ១២និង ១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ទី ២១ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចមុខអក្សរ A ព្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកលុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2N-6964 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាជោកជាំ ចំណែករថយន្តរងគ្រោះ ម៉ាកស៊ីណា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AU-7921 បើកបរដោយបុរស ម្នាក់ ។

ដំណើររឿង៖ ដំបូងឡើយ គេឃើញបុរស ម្នាក់ បើករថយន្តលុចស៊ីស ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊ីណា បើកចេញពីមុខក្រុមហ៊ុន ហ្គោលដេន គ្លូប៊ល ធ្វើឲ្យរថយន្តលុចស៊ីស គេចមិនទាន់ បណ្ដាលឱ្យបុកគ្នាត្រូវចំចំហៀងខាងឆ្វេង រួចរថយន្តបង្កបន្តទៅមុខ រេចង្កូតឡើងលើចិញ្ចើមផ្លូវ បុកអ្នកលក់ភេសជ្ជ: បណ្ដាលឱ្យភេសជ្ជ:បាក់បែករាយប៉ាយពេញផ្លូវ រងការខូចខាតយ៉ាងដំណំ។ ចំណែករថយន្តទាំង ២គ្រឿងខូចខាតផ្នែកខាងមុខក្រពឹត និងដាច់កាឡេកង់ទៅមុខលែងរួច។

សំណាងល្អ ហេតុការណ៍នេះ មិនបង្កឲ្យនរណាម្នាក់ រងរបួសនោះទេ។

ក្រោយកើតហេតុ ក៏មានការចរចាគ្នា ដោយភាគីខាងរថយន្តស៊ីណា បានយកសំណងពីម្ចាស់រថយន្តលុចស៊ីសចំនួន ៨៤ម៉ឺនរៀល (៨៤០,០០០៛) បញ្ចប់រឿងនៅកន្លែងកើតហេតុ ចំណែកឯអ្នកលក់ភេសជ្ជ: បានយកចំនួន ៤០០$ បញ្ចប់រឿងនៅកន្លែងកើតហេតុ បន្ទាប់មកម្ចាស់រថយន្តបង្ក បានហៅរថយន្តស្ទូច យកទៅជួសជុលដោយខ្លួនឯងរាងៗខ្លួន៕

មតិយោបល់