ព័ត៌មានជាតិ

វាយប្លន់ម៉ូតូពីយប់ សមត្ថកិច្ចក្របួចជាប់ពេលល្ងាច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាការពារសង្កាត់ឫស្សីកែវ ឃាត់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅក្រុម១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ គៀត សុវណ្ណារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ០០៩ ផ្លូវបេតុង ក្រុម១៨ ភូមិដើម សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ ឡេវ ស្រីលី ភេទស្រី អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកភោជនីដ្ឋាន ព្រីន ស្នាក់នៅផ្ទះជួល សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ស្ថិតនៅចំណុចមុខផ្លូវលេខ៩៣ ក្រុម១៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានករណីប្លន់យកម៉ូតូមួយគ្រឿង ម៉ាកស្តុបពី ពាក់ស្លាកលេខ ភ្នំពេញ 1AQ-7969 ពីនារីរងគ្រោះម្នាក់បានសម្រេច។

លុះនៅល្ងាចថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ ក្រោយពីសមត្ថកិច្ចបានកំណត់មុខសញ្ញាហើយនោះ។ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពារសង្កាត់ បានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបានតែម្តង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យរួចហើយនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពារសង្កាត់ បានចាប់បញ្ជូនខ្លួនជនសង្ស័យនោះ យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ដើម្បីធ្វើការសាកសួរ។

បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យខាងលើ បានប្រាប់ថា ខ្លួនគេពិតជាបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។ ក្រោយពីរូបគេវាយប្លន់យកម៉ូតូហើយនោះ រូបគេបានយកទៅបញ្ចាំនៅម្ដុំឃ្លាំងរំសេវ បានប្រាក់ចំនួន ២៥០ដុល្លារ និងយកមកចាយវាយផឹកស៊ី។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមតាមនីតិវិធីច្បាប់៕

photo_2016-08-02_08-50-07photo_2016-08-02_08-50-09photo_2016-08-02_08-50-10photo_2016-08-02_08-50-13

មតិយោបល់