តាកែវៈ យោងតាមផេក វិទ្យុគោកធ្លក ខេត្តតាកែវ បានឲ្យដឹងថា ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មតាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយ លោក ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូល លោក គឿន ភិរុណ ជាអនុប្រធាន នាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ និងមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូមួយចំនួនដែលមានទីតាំងនៅស្រុកបាទី និងស្រុកសំរោង ខេត្តតាកែវ ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីននៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថានដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប និង ពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។
លោក ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានដឹកនាំក្រុមត្រួតពិនិត្យប្រេងឥន្ទនៈ បានថ្លែងឲ្យដឹងថា ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយក្រុមហ៊ុន និងដេប៉ូ ទាំង ១០ កន្លែងនៅទីតាំងខាងលើនេះគឺមាន ស្ថានីយ៍ និងដេប៉ូប្រេងឥន្ទនៈមួយចំនួនធំ លក់សាំងរបស់ខ្លួនពុំគ្រប់លីត្រនោះឡើយ លើសពីនោះ ស្ថានីយក្រុមហ៊ុន និងដេប៉ូទាំងនោះ ថែមទាំងបានលក់ប្រេងធម្មតា (Regular) ថាជាប្រេងស៊ុបពែរ (Super) ទៅអ្នកប្រើប្រាស់ ដែលជាការក្លែងបន្លំអតិថិជន៕



















មតិយោបល់