ភ្នំពេញៈ ដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដើម្បីជាការលើកសោភ័ណភាពរាជធានីភ្នំពេញផងនោះ រដ្ឋបាលរាជធានីបាននឹងកំពុងបើកការដ្ឋានស្ថាបនាពង្រីកផ្លូវកប់ស្រូវ ប្រវែង ១២,៨គីឡូមែត្រ ក្នុងប្រវែងសរុប១៦គីឡូមែត្រនិង៨០០ម៉ែត្រ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី០១ ខែសីហាឆ្នាំ២០១៦ ការដ្ឋានស្ថាបនាពង្រីកផ្លូវកប់ស្រូវ ប្រវែង ១២,៨គីឡូម៉ែត្របាននិងកំពុងស្ថាបនាគ្រឹះថ្នល់និងចាក់បេតុង ដោយអនុវត្តការស្ថាបនាចំនួន ៣ក្រុម ដោយបែងចែក៣កំណាត់ផ្សេងគ្នា។
តាមផែនការដាក់ឲ្យបានប្រើប្រាស់នាពេលខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងជំរុញការដ្ឋានឲ្យបព្ចាប់ការដ្ឋានក្នុងរយៈពេល ៣ខែ លើប្រវែង ១២,៨គីឡូមែត្រ ទទឹង៩,៧៥ម៉ែត្រ។
ផ្លូវទំនប់កប់ស្រូវមានប្រវែង១៦គីឡូម៉ែត្រនិង៨០០ម៉ែត្រ ក្នុងនោះប្រវែង១២គីឡូម៉ែត្រ និង៨០០ម៉ែត្រ ត្រូវបានសាលារាជធានីភ្នំពេញសម្រេចស្ថាបនាជាផ្លូវបេតុងជំនួស ផ្លូវកៅស៊ូ ដែលមានការខូចខាតច្រើនដែលទទួលម៉ៅការស្ថាបនាដោយក្រុមហ៊ុនចំនួន៣ ក្នុងពេលតែមួយ គឺក្រុមហ៊ុនTCM,ក្រុមហ៊ុនឡាប៊្រូវណ្ណី និងក្រុមហ៊ុនដូនពេញ ដែលពិនិត្យ បច្ចេកទេសដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
ផ្លូវទំនប់កប់ស្រូវ ជាផ្លូវក្រវ៉ាត់ក្រុងយ៉ាងសំខាន់ជាពិសេសជាផ្លូវសម្រាប់រថយន្តដឹកធ្ងន់ ឆ្លងកាត់ទាំងយប់ទាំងថ្ងៃតភ្ជាប់ភូមិសាស្ត្ររាជធានីភ្នំពេញទៅកាន់ខេត្តក្រុងនានាមានផ្លូវជាតិលេខ៥ លេខ៦ លេខ៤ លេខ៣ជាដើម ដែលជាសរសៃឈាមសេដ្ឋកិច្ច និងជាផ្លូវវាង រាជធានីភ្នំពេញកាត់បន្ថយការឆ្លងកាត់កណ្តាលក្រុងបានមួយផ្នែកធំ និងលើកកម្ពស់សណ្តាប់ធ្នាប់ក្នុងទីក្រុងផងដែរ៕
មតិយោបល់