ស៊ីរីៈ ទូរទស្សន៍ជាតិរបស់ប្រទេសស៊ីរី បានរាយការណ៍កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ជនស៊ីវិល ៣០ នាក់បានស្លាប់ និង ២១០ នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហាររយៈពេល ២៤ម៉ោង ដែលបង្កឡើង ដោយការបាញ់ផ្លោងរបស់ក្រុមឧទ្ទាម នៅតំបន់ដែលរដ្ឋាភិបាលត្រួតត្រា ភាគខាងជើងទីក្រុងអាឡេប៉ូ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦។
ក្រុមឧទ្ទាមនេះ បានធ្វើការបាញ់ផ្លោងដោយគ្រាប់រ៉ុក្កែត និងកាំភ្លើងត្បាល់ប្រឆាំងនឹងតំបន់ដែលរដ្ឋាភិបាល គ្រប់គ្រង នៅភាគខាងលិចនៃទីក្រុងអាឡេប៉ូ ចាប់តាំងពីថ្ងៃអាទិត្យ នេះយោងតាមរបាយការណ៍។
ការបាញ់ផ្លោងនេះ ក៏មានការចូលមករួមជាមួយនឹងការវាយលុកទ្រង់ទ្រាយធំ របស់ក្រុមឧទ្ទាម Jaish al-Fateh និង Jabhet Fateh al-Sham ដែលកាលពីមុនគេស្គាល់ថា ពួកសកម្មប្រយុទ្ធ Nusra Front ហើយត្រូវបានបំបែកការឡោមព័ទ្ធដោយរដ្ឋាភិបាល នៅផ្នែកមួយភាគខាងកើតនៃទីក្រុងអាឡេប៉ូ។
ក្រុមអង្កេតការណ៍ស៊ីរី សម្រាប់សិទ្ធិមនុស្ស បានឲ្យដឹងថា កងទ័ពស៊ីរីកាលពីថ្ងៃចន្ទ បានកាន់កាប់ឡើងវិញ នៅចំណុចមួយចំនួន ដែលពួកឧទ្ទាមបានយក ក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេ កាលពីថ្ងៃអាទិត្យ នៅទីជនបទភាគខាងត្បូងទីក្រុងអាឡេប៉ូ។
ក្រុមអ្នកឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា ការប្រយុទ្ធគ្នាខ្លាំងៗ នៅតែបន្តឆេះឆួលនៅភាគខាងត្បូងទីក្រុងអាឡេប៉ូ៕

មតិយោបល់