ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងនគរបាលអធិការដ្ឋានខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលខណ្ឌកំបូល ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ថន់ទោស(ឆក់ទូរស័ព្ទ) កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី ត្រង់ចំណុចមុខវិទ្យាល័យពងទឹក ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ខ្លួនជនសង្ស័យ០២នាក់៖ ទី១-ឈ្មោះ ផន ផល្លា ហៅពៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី២-ឈ្មោះ អាំង ថាណុច ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ វ៉ាន់ ស្រីពេជ្រ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ម៉ូតូចំនួនមួយគ្រឿង, ទូរស័ព្ទដៃចំនួនមួយគ្រឿង ។
លោកអធិការបានបន្តថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទី ជនរងគ្រោះឈ្មោះ វ៉ាន់ ស្រីពេជ្រ ភេទស្រី អាយុ២៩ឆ្នាំ បានជិះម៉ូតូ១គ្រឿងស្គូបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HH-8189 ចេញពីធ្វើការនៅរោងចក្រឆេមថេក (ខេមបូឌេ) ឯ-ក ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រឡប់ទៅផ្ទះនៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ហើយបានទុកទូរស័ព្ទម៉ាកoppo ពណ៌ខ្មៅលាយក្រហម ចំនួនមួយគ្រឿងដាក់ក្នុងខ្លុបម៉ូតូខាងឆ្វេងរួចដោតកាសជាប់និងត្រចៀកទាំងសងខាង ហើយនៅក្នុងស្រោមទូរស័ព្ទ មានលុយចំនួន៤០ដុល្លារអាមេរិកថែមទៀត ពេលជនរងគ្រោះជិះម៉ូតូម៉ាកខាងលើតាមផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើងមកដល់ចំណុចមុខវិទ្យាល័យពងទឹក ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង៣០នាទីថ្ងៃខែឆ្នាំដដែលស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូចំនួនមួយគ្រឿងម៉ាកស៊ូយស៊ូគីនិច ពណ៌សលាយទឹកក្រូច ពាក់ផ្លាក់លេខ ភ្នំពេញ1HJ-7100 ស្របទិសគ្នាជាមួយម៉ូតូជនរងគ្រោះ។ ពេលនោះជនសង្ស័យឈ្មោះ អាំង ថាណុច ភេទប្រុស អាយុ១៩ឆ្នាំ បានបើកម៉ូតូខាងលើមកអែបខាងឆ្វេងដៃម៉ូតូជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ផន ផល្លា ហៅ ពៅ ភេទប្រុស អាយុ១៨ឆ្នាំ ដែលអង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក oppo ពណ៌ខ្មៅលាយក្រហម និងមានលុយ៤០ដុល្លារ របស់ជនរងគ្រោះឈ្មោះ វ៉ាន់ ស្រី ដែលដាក់នៅក្នុងខ្លុបម៉ូតូ រួចជិះម៉ូតូឌុបគ្នាគេចខ្លួនតាមផ្លូវជាតិលេខ៣ពីត្បូងទៅជើង ហើយជនរងគ្រោះក៏បានជិះម៉ូតូដេញពីក្រោយស្រែកថាចោរៗ រួចសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ ជួយអន្តរាគមន៍ភ្លាមៗ ដេញតាមពីក្រោយជនសង្ស័យ ។
បន្ទាប់មកជនសង្ស័យបានបើកម៉ូតូគេច តាមផ្លូវគោកខ្សាច់រហូតដល់ចំណុចស្ពានទួលស្វាយ ប្រឡាយតាហោ ស្ថិតនៅភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌកំបូលឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាង យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់តែម្តង។ ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង២នាក់ ដើម្បីអោយសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់តែម្តង ៕
មតិយោបល់