ព័ត៌មានជាតិ

Update៖ ពីរនាក់ប្ដីប្រពន្ធ ជិះម៉ូតូយកបាយទៅឲ្យកូន នៅពន្ធនាគារព្រៃស ត្រូវរថយន្តបុកស្លាប់ បន្សល់ទុកកូន ៥នាក់កំព្រា

ភ្នំពេញៈ នៅវេលាម៉ោង ១២ និង១៥នាទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចលើផ្លូវប្រសព្វ២១៧ កែង៥០ម៉ែត្រ ស្ថិតក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសស្រី០២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។

រថយន្តបង្ក ម៉ាកហ៊ីណូ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កោះកុង 3A-0390 របស់ក្រុមហ៊ុន Camel បើកបរ ដោយឈ្មោះ ស៊ឹម ពន្លក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិឬស្សីមួយគុម្ត ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ (ឃាត់ខ្លួន)។

ចំណែកម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BT-1752 អ្នកបើកបរដោយ ឈ្មោះ រុន រាប ភេទប្រុស អាយុ៤៦ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្លាប់នៅកន្លែង (ពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរឈ្មោះ សុខ ចន្ធូរ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធ មានទីលំនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្លាប់នៅកន្លែង (ពាក់មួកសុវត្ថិភាព)។

ដំណើររឿង៖ មុនកើតហេតុ រថយន្ត និងម៉ូតូ បានធ្វើដំណើរស្របទិសគ្នា ពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានបុកម៉ូតូពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យ២នាក់ប្ដីប្រពន្ធខាងលើ ស្លាប់មួយរំពេច។

មូលហេតុ៖ រថយន្តបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាង ទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសព បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់៖ អំទ្បុងពេលកើតហេតុ ២នាក់ប្ដីប្រពន្ធរងគ្រោះ បានជិះម៉ូតូយកបាយទៅឲ្យកូន នៅពន្ធនាគារព្រៃស មិនទាន់បានទៅដល់ផង ក៏ត្រូវរថយន្តបុកស្លាប់ភ្លាមៗតែម្ដង បន្សល់ទុកកូន ៥នាក់កំព្រា៕

មតិយោបល់