ព័ត៌មានជាតិ

Update៖ កម្មករសំណង់ម្នាក់ស្លាប់ភ្លាមៗដោយចរន្តអគ្គិសនីឆក់ខណៈពេលកំពុងធ្វើការយ៉ាងអាណោចអាធ័ម

ភ្នំពេញ: បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ខណ:ដែលគាត់ប្រើម៉ូទ័រយោងន្ទារដែកឡើងទៅលើសំណង់ផ្ទះល្វែងមួយកន្លែងស្ថិតនៅតាមផ្លូវចូលវត្តតាំងកសាង ត្រង់ចំណុចទល់មុខផ្សារតាំងកសាង ភូមិចម្ការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ហើយដោយសារតែផ្ទះនោះស្ថិតនៅកៀកខ្សែកាប្លិ៍ភ្លើងនោះ នៅពេលដែលគាត់ឈោងដៃដៃចាប់ទាញរន្ទារក៏ត្រូវបានចរន្តអគ្គិសនីឆក់បណ្ដាលឲ្យស្លាប់ភ្លាមៗបែបនេះតែម្ដង ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះមានឈ្មោះវន់ ផល្លា អាយុ២៧ឆ្នាំ ទើបមកស្នាក់នៅធ្វើការនៅក្នុងភូមិកើតហេតុខាងលើបានរយ:ពេល១ខែហើយគាត់មានស្រុកកំណើតនៅស្រុកពាមជរ៍ ខេត្តព្រៃវែង ។នៅមុនពេលកើតហេតុជនរងគ្រោះរូបនេះរួមជាមួយកម្មករផ្សេងទៀត ត្រូវបានមេការប្រើឲ្យយោងរន្ទារដែកឡើងទៅទុកនៅលើជាន់ទី២ផ្ទះល្វែងកំពុងធ្វើការជួសជុលនោះ ហើយផ្ទះល្វែងនោះទៀតសោតមានទីតាំងស្ថិតនៅកៀកនិងខ្សែកាប្លិ៍ភ្លើងដែលមានតង់ស្យុងខ្ពស់ថែមទៀត។

ប្រភពដដែលបានបន្តថា ខណ:នោះបានប្រើម៉ូទ័រយោងឡើង ហើយពេលយោងឡើងទៅដល់ខាងលើ ជនរងគ្រោះបានឈាងចាប់ទាញយករន្ទារនោះដើម្បីទុកដាក់នៅលើផ្ទះនោះ ក៏ត្រូវបានខ្សែកាប្លិ៍ភ្លើងនោះឆក់បណ្ដាលឲ្យរងរបួសធ្ងន់។បន្ទាប់មកមេការព្រមទាំងកម្មករសំណង់បាននាំគ្នាសែងយកទៅកប់ដីខ្សាច់ជា រួចបានហៅរថយន្តសង្រ្គោះទៅដើម្បីដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យសង្រ្គោះបន្ទាន់ ប៉ុន្តែពេលទៅដល់ ក្រុមសង្រ្គោះបានប្រាប់ថាបុរសនោះស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចចុះទៅពិនិត្យកោសល្យវិច័យ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់