ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ករណីជួញដូរ…

កណ្ដាល: ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី ភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០៣នាក់ (ឃាត់ខ្លួន)
១/ ឈ្មោះ ប៉េង ណារិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបេះផ្លែស្វាយ ទីលំនៅបច្ចុប្បន្នភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
២/ ឈ្មោះ ទិត្យ អ៊ួយ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាសង្សារ ប៉េង ណារិន)។
៣/ ឈ្មោះ ថេង ប្រសិទ្ធហៅប្រុស ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៨កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ , មធ្យម ០១កញ្ចប់ , តូច ០៥កញ្ចប់ និងឧបករណ៍សម្ភារ:វេចខ្ចប់ប្រើប្រាស់មួយចំនួន
-ម៉ូតូចំនួន ០២គ្រឿង ម៉ាក ហុងដា Zoomer X ស៊េរីឆ្នាំ ២០១៨ ពណ៌ក្រហមលាយស ពាក់ស្លាកលេខ កណ្តាល 1Y-3613 និងម៉ាក ហុងដា សង់ការ៉េ ពណ៌ ខៀវ ពាក់ស្លាកលេខ គ 1736 កណ1
-ទូរស័ព្ទចំនួន ០២គ្រឿង ម៉ាក ណូគា ចុចពិល ។

សភាពរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន ចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ ថេង ប្រសិទ្ធ(ប្រុស) បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៣កញ្ចប់តូច រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ហេង ប្រសិទ្ធ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ពីឈ្មោះ ប៉េង ណារិន ចំនួន ០១កញ្ចប់ធំ តម្លៃ ១០០,០០០៛ ដើម្បីយកមកវេចខ្ចប់លក់បន្តក្នុង០១កញ្ចប់តូច តម្លៃ ២០,០០០៛ ។
បន្ទាប់មកសមត្ថកិច្ចនគរបាល បានបន្តធ្វើការឃាត់ខ្លួនឈ្មោះ ប៉េង ណារិននិងឈ្មោះ ទិត្យ អ៊ួយ ត្រួតពិនិត្យឆែកឆេរប្រទះឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់ ក្នុងនោះ (ធំ ០១កញ្ចប់ , មធ្យម ០១កញ្ចប់ , តូច ០៣កញ្ចប់) និងសម្ភារ:វេចខ្ចប់ប្រើប្រាស់មួយចំនួន។
នៅចំពោះ មុខសមត្ថកិច្ចនគរបាលឈ្មោះ ប៉េង ណារិន បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១ កញ្ចប់ធំ តម្លៃ ៥០០,០០០៛(ហាសិបម៉ឺនរៀល) ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់លក់បន្ត ។ចំណែកឈ្មោះ ទិត្យ អ៊ួយ បានរួមដំណើរជាមួយឈ្មោះ ប៉េង ណារិន ដើម្បីជួញដូរគ្រឿងញៀនជាមួយគ្នា ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕

មតិយោបល់