ព័ត៌មានជាតិ

Update៖ ជាងកាត់កញ្ចក់ធ្វើស៊ុមរូបថតម្នាក់បើកម៉ូតូបុកជាមួយរុឺម៉កច្រាសទិស ដួលបោកក្បាលស្លាប់

ភ្នំពេញ: ជាងកាត់កញ្ចក់ធ្វើស៊ុមរូបថតគ្នា២នាក់ ជិះម៉ូតូលឿនជ្រុលទៅបុកជាមួយម៉ូតូសណ្តោងរុឺម៉ក ដួលបោកក្បាលស្លាប់ម្នាក់ ចំណែកម្នាក់ទៀតពុំមានរងរបួស រីឯរុឺម៉កបន្ថែមល្បឿនបើកគេចទៅបាត់ កាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះស្លាប់ម្នាក់នៅកន្លែងមានឈ្មោះ យ៉ន ដា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ជាងកាត់កញ្ចក់ ធ្វើស៊ុមរូបថត ស្នាក់នៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មានស្រុកកំណើតនៅឯខេត្តមណ្ឌលគិរី ជាអ្នកបើកបរ ម៉ូតូ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AY-8253 ចំណែកអ្នករួមដំណើរជាមួយម្នាក់ទៀត មិនស្គាល់ឈ្មោះ គ្រាន់តែដឹងថា ជាមិត្តរួមការងារ ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ លឿនលឿន តាមផ្លូវបេតុងខាងលើ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកប៉ះជាមួយម៉ូតូសណ្តោងរុឺម៉ក បើកច្រាសទិស បណ្តាលឲ្យដួល បោកក្បាលស្លាប់ម្នាក់ អ្នករួមដំណើរ គ្រាន់តែរលាត់ដៃជើង រីឯម៉ូតូរុឺម៉ក ភ្លាមៗ មិនបានឈប់ឡើយ បន្ថែមល្បឿនបន្តដំណើរ ទៅបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះពិនិត្យ កន្លែងកើតហេតុបន្សល់ទុកនៅតែជនរងគ្រោះ សមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីចាត់ចែង ដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន ៕

 

មតិយោបល់