ព័ត៌មានជាតិ

កំពូលចោរធ្វើសកម្មភាពប្លន់ ក្នុងភូមិសាស្ត្រស្រុកសំរោងទង ត្រូវសមត្ថកិច្ចជំនាញសហការឃាត់ខ្លួន

កំពង់ស្ពឺៈ នៅថៃ្ងទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣៥នាទី ចំណុចភូមិទួលសំណាង ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកម្លាំងអធិការស្រុកសំរោងទង ធ្វើការឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធ ក្នុងករណី លួចស្ថានទម្ងន់ទោស ដោយសារប្រើអំពើហិង្សា សរុបចំនួន ៦ដីកាបង្គាប់ឲ្យចាប់ខ្លួន។

មុខសញ្ញាចោរដ៏សកម្មមានឈ្មោះ កែវ ដែន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ និងធ្វើចោរ មានទីលំនៅភូមិទួលសំណាង ឃុំវល្លិ៍ស ស្រុកសំរោងទង ។ តាមការបញ្ជាក់ឲ្យដឹងពីមន្រ្ដីនគរបាល នៅការិយាល័យព្រហ្មទណ្ឌថា ក្រុមចោរខាងលើជាក្រុមដ៏សកម្មបំផុត កន្លងមកធ្វើសកម្មភាពជាអង្គការចាត់តាំងហើយត្រូវបានសមត្ថកិច្ច ស្រាវជ្រាវបង្រ្កាបបាន ១៦នាក់ សល់បក្ខពួកមួយចំនួនបានរត់គេចខ្លួនជាក់ស្ដែង កម្លាំងធ្វើការឃាត់ខ្លួន បានបក្ខពួកម្នាក់ចំណោមបក្ខពួកដែលបាន រត់គេចខ្លួនកន្លងមក ។

អំពីប្រវត្ដិសកម្មភាពក្រុមកំពូលចោរកន្លងមកគឺ ក្រុមគេបានជិះម៉ូតូដេញតាមម៉ូតូ ធ្វើឲ្យជនរងគ្រោះ មានការភ័យខ្លាចដែលធាក់ម៉ូតូផ្ដួលតែម្ដង ចុះទៅធ្វើការឈ្លោះប្រកែកគ្នារបៀបជាក្រុមក្មេងស្គាល់គ្នាហើយមានជម្លោះរឿងអ្វីមួយ ដើម្បីបន្លំភ្នែកអ្នកដំណើរដែលជិះកាត់ឲ្យឃើញថា ជាក្រុមក្មេងទំ នើងឈ្លោះគ្នា មិនមែនជាចោរប្លន់ម៉ូតូនោះទេ រួចដេញវាយជនរងគ្រោះរត់ចោលម៉ូតូ ទើបបក្ខពួកគេ លើកម៉ូតូជិះគេចខ្លួនតែម្ដង ម្យ៉ាងទៀត ពួកគេប្រើ ឧបករណ៍ដំបង កាំបិតជិះដេញតាមកាប់ជនរងគ្រោះរហូតជនរងគ្រោះដួលហើយយកម៉ូតូទៅតែម្ដង សកម្មភាព នេះភាគច្រើនកើតក្នុងភូមិសាស្រ្ដស្រុកសំរោងទង ផ្លូវលេខ១៤៤០ ច្បារមនទៅក្រាំងចេក ផ្លូវជាតិលេខ៤ ។ ល។

បច្ចុប្បន្នមុខសញ្ញាខាងលើ ត្រូវបានជំនាញបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់