ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវសមត្ថកិច្ចអញ្ជើញមកធ្វើការព្រមាន ពាក់ព័ន្ធករណី ផ្សព្វផ្សាយលក់ថ្នាំដែលគ្មានបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

ភ្នំពេញ: កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៧និ៣០នាទី កម្លាំងនៃ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានសហការជាមួយអធិការដ្ឋានបឹងកេងកងដោយមានការអនុញ្ញាតិពីអយ្យការអមសាលារាជធានីភ្នំពេញ បានអញ្ជើញ ឈ្មោះ កង សម្បត្តិនី ភេទស្រី អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១២៨ ផ្លូវ៤៣០ ក្រុមទី០២ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ អាជីវកម្ម អនឡាញ ពាក់ព័ន្ធករណី ផ្សព្វផ្សាយលក់ថ្នាំដែលគ្មានបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល មកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឈ្មោះ កង សម្បត្តិនី បានប្រើប្រាស់ទំព័រហ្វេសប៊ុកឈ្មោះ Eva Cambodia ដើម្បីបង្ហោះលក់ថ្នាំ Chloramine B ជាសាធារណ:នៅក្នុងបណ្ដាយសង្គមហ្វេសប៊ុក ប៉ុន្ដែឈ្មោះ កង សម្បត្តិនី មិនបានបញ្ជាទិញពីបរទេសមកនោះទេ ដោយសារ ខ្លួនមិនទាន់ស្នើរសុំសិទ្ធពីក្រសួងសុខាភិបាល ហើយក៏មិនទាន់មានអតិថិជនបញ្ជាទិញនៅឡើយដែរ។ រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ទើបឈ្មោះ កង សម្បត្តិនី បានឃើញទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថាថ្នាំដែលខ្លួនបានបង្ហោះក្នុងហ្វេសប៊ុស Eva Cambodia នោះមិនបានចុះបញ្ជីត្រឹមត្រូវនោះទេ ។

បច្ចុប្បន្នក្រោយពីធ្វើការសារភាព និងទទួលការសិក្សាអប់រំ ព្រមានពីមន្ត្រីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារួចមកឈ្មោះ កង សម្បត្តិនី ភេទស្រី អាយុ ២៥ឆ្នាំ ត្រូវបានឯកភាពពីអយ្យការសាលាដំបូងរាជធានីភ្នំពេញ ឲ្យធ្វើកិច្ចសន្យា និងមានការធានាពីបងស្រី នឹងបានត្រលប់ឲ្យទៅលំនៅដ្ឋានវិញ តែត្រូវស្ថិតនៅក្នុងការ ឃ្លាំមើលរបស់សមត្ថកិច្ច៕

មតិយោបល់