ព័ត៌មានជាតិ

ប្តីប្រពន្ធ២នាក់ បើករថយន្តព្រូស បុកម៉ូតូកង់បី កំពុងឆ្លងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង របួសមនុស្ស ២នាក់

ភ្នំពេញ: ប្តីប្រពន្ធ២នាក់ បានបើករថយន្តតូយ៉ូតាព្រូស ១គ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូកង់បី១គ្រឿង ដែលបើកឆ្លងកាត់ផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាត។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខសាលាសង្កាត់ផ្សារកណ្ដាលទី១ តាមបណ្ដោយផ្លូវ១៤៤ កែងនិងផ្លូវ១៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូកង់បី១គ្រឿង គ្មានផ្លាកលេខ ដោយមានស្ត្រីម្នាក់ជាភ្ញៀវ រួមដំណើរជាមួយ ធ្វើដំណើរពីត្បូងទៅជើងតាមបណ្ដោយផ្លូវ១៥។ លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែក ម៉ូតូកង់បីខាងលើ បានបើកឆ្លងកាត់ផ្លូវ១៤៤ បានពាក់កណ្តាល ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកតូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-1594 បើកបរដោយប្តីប្រពន្ធ២នាក់ តាមបណ្ដោយផ្លូវ១៤៤ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូកង់បី បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាត ចំណែកបុរសជាអ្នកបើកបររងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង រីឯភ្ញៀវវិញ បានរងរបួសស្រាល។

ដោយទ្បែករថយន្តបង្ក បានរងការខូចខាតបែកចង្កៀង និងក្រពឹតកាងផ្នែកខាងមុខចំហៀងខាងស្តាំ។ ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ ធ្វើការបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។

ក្រោយកើតហេតុ សាច់ញាតិជនរងគ្រោះ បានមកដល់ ធ្វើការចរចាដោះស្រាយ ជាមួយនិងភាគីខាងរថយន្ត ដោយភាគីទាំងពីរ មិនចង់មានរឿងវែងឆ្ងាយ ក៏ព្រមសម្របសម្រួលគ្នា ដោយភាគីខាងរថយន្ត ព្រមចេញថ្លៃព្យាបាលជនរងគ្រោះ និងជួសជុលម៉ូតូកង់បីឡើងវិញ៕

មតិយោបល់