ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ ធ្វើសកម្មភាព គាស់បន្ទប់លួចទ្រព្យពលរដ្ឋ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីគាស់បន្ទប់ជួល លួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងបរិវេណផ្ទះ២៨៩ ភូមិទ្រា៤ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហួយ រី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ការនៅផ្ទះជួល ផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ខាត់ សុភក្រ័ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅបន្ទប់ជួលភូមិ-សង្កាត់កើតហេតុ មានស្រុកកំណើតខេត្តតាកែវ។

វត្ថុតាងដកហូតបានរួមមាន៖
-លេបថប ម៉ាក(DELL)១គ្រឿង ជារបស់ជនរងគ្រោះ
-ដែកលួសសសៃ ១ជារបស់ជនសង្ស័យ។

ដំណើររឿង៖ កាលពីល្ងាចម៉ោង ៦ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ជនរងគ្រោះបានមកពីធ្វើការវិញ ឃើញបន្ទប់របស់ខ្លួន ចំហទ្វារហើយមានអីវ៉ាន់រាយបាយពេញបន្ទប់ និងបាត់លេបថបម៉ាកDELLមួយគ្រឿង ដោយសង្ស័យថា មានគេគាស់បន្ទប់ ចូលគាស់បន្ទប់ជួលចូលលួច ទើបទៅដាក់ពាក្យបណ្ដឹង។

ក្រោយទទួលបានបណ្ដឹងជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ តាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាព របស់ម្ចាស់ផ្ទះ រហូតដល់ម៉ោង ៨និង៤០នាទីថ្ងៃដដែល ទើបបានធ្វើឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលកំពុងដើរតាមផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ដោយដកហូតបានវត្ថុតាងខាងលើ រួចនាំខ្លួនយកសាកសួរ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចសម្ភាររបស់ជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសុំណុំរឿង បញ្ជូនទៅអធិការនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកវត្ថុតាងដកហូតបាន សមត្ថកិច្ចប្រគល់ជូនម្ចាស់វិញ៕

មតិយោបល់