ព័ត៌មានជាតិ

យុវជនពីរនាក់បានស្លាប់និងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿន បុករបាំងថ្មដាក់នៅលើចិញ្ចើមផ្លូវ

ភ្នំពេញ: នាវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង យុវជនពីរនាក់បានស្លាប់ និងរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ទៅបុករបាំងថ្មដាក់នៅលើចិញ្ចើមផ្លូវ ទីតាំងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវ១០០៣ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាកស៊ុយសាគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1R-2570 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៣ មានទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្ថានភាពតាមដងផ្លូវរាងងងឹតបានជ្រុលចង្កូតទៅបុករបាំងថ្មនៅលើចិញ្ចើមផ្លូវ ពេញទំហឹងផ្លោងម៉ូតូនិងជនរងគ្រោះទៅមុខជាច្រើនម៉ែត្រ ​​​​​​​​​បណ្តាលឲ្យស្លាប់ម្នាក់ជាអ្នកឌុប ចំណែកឯម្នាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកពិនិត្យមើល និងយកម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ។ រីឯជនរងគ្រោះ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ៕

មតិយោបល់