ព័ត៌មានជាតិ

អុញនោះ! ស​ង្ឃក្លែងក្លាយ​ ចូលដេក​ផ្ទះសំណាក់​ «ម៉ា​ហេង» ប្រើប្រាស់​គ្រឿងញៀន​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាល​ស្រុក​អង្គស្នួល ក្រោម​ការបញ្ជា​ដោយផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការ​ខេត្តកណ្ដាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​ស្រុក​អង្គស្នួល ចុះបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ ដែល​បន្លំ​ខ្លួន​ធ្វើជា​ព្រះសង្ឃ​ដើរ​បិណ្ឌ​បាត្រ និង​ចូលដេក​ក្នុង​ផ្ទះសំណាក់​ ប្រើប្រាស់​គ្រឿងញៀន កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​និង​៣០​នាទី នៅ​ចំណុច​ផ្ទះសំណាក់​ម៉ា​ហេង ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​លោក​វរសេនីយ៍ មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល ឲ្យ​ដឹងថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការ​ខេត្តកណ្ដាល ក្រោយ​ទទួល​ព័ត៌មាន​ច្បាស់ការ​ថា នៅផ្ទះ​សំណាក់ ម៉ា​ហេង មានមុខ​សញ្ញា​គួរឲ្យ​សង្ស័យ ភ្លាមនោះ​កម្លាំង​នគរបាល​ស្រុក ចុះបង្ក្រាប​ដល់​កន្លែងកើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ និង​ដកហូត​វត្ថុតាង​បាន​មាន​៖

1-​ទូរស័ព្ទ​ចំនួន​៣​គ្រឿង ,2-​រថយន្ត​ម៉ាក​កាមរី​ពណ៌​១​គ្រឿង​ពណ៌​សំ បក​ឪឡឹក​ស៊េរី​ឆ្នាំ​95​ ពាក់​ផ្លាកលេខ​ភ្នំពេញ​3E-7988 ,3-​បាត្រ​លោក​ចំនួន​៥ ,4-​ឆ័​ត្រ​ចំនួន​៤ ,5-​កូនកាំបិត​ចុង​ស្រួច​ចំនួន​១ ,6-​កាបូបស្ពាយ (​សាក់​កាដូ​)​ចំនួន​៧ ,7-​ស្បង់​ចីវរ​ចំនួន​៦​កំ​ភ្លេ​រ និង​ឧបករណ៍ប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួន ។

​លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ចំនួន​០៧​នាក់ ៖

​ទី​១-​ឈ្មោះ​ទៀប សុខ​ម៉ៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ​មិន​ពិត នៅ​ភូមិ​ខ្នុរ ឃុំ​កំពង់​សឹង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​
២-​ឈ្មោះ សេះ ឌី ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​វាល​ត្បាល ឃុំ​មានជ័យ ស្រុក​ឈូក ខេត្តកំពត​។​
៣-​ឈ្មោះ​សន ឆឺ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិត នៅ​ភូមិ​ព្រៃ​ពី ឃុំ​ស្រែ​ជា​ខាងជើង​
​ស្រុក​ដងទង់ ខេត្តកំពត​។​
៤-​ឈ្មោះ​ច្រឹប មាន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​ព្រៃ​ពី ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់​ខេត្តកំពត​។​
៥-​ឈ្មោះ ហ៊ុន រុន ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​នៅ​ភូមិ​ព្រៃ​ពី​ ឃុំ​ស្រែជា​ខាងជើង ​ស្រុក​ដងទង់​ ខេត្តកំពត ។​
៦-​ឈ្មោះ សន ទីន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​ព្រៃ​ពី ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត​។​
៧-​ឈ្មោះ ​ឈៀង ឆវី ​ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ​ ជនជាតិខ្មែរ ​មុខរបរ​បើកបរ​នៅ​ភូមិ​អូ​តា​គី​ ឃុំ​អូ​តា​គី​ ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ថា ខ្លួន​បាន​ស្គាល់គ្នា​តាម​ឆាត ហើយ​ណាត់​ជួបគ្នា​នៅ​កំបូល​ដោយ​ជួល​រថយន្ត សម្រាប់​ដឹក​ខ្លួន​ដើរ​បិណ្ឌ​បាត្រ​ក្នុង​១​នាក់​យក​តម្លៃ​២០០០០​រៀល ហើយ​ខ្លួន​ចាប់ផ្តើម​ដើរ​បិណ្ឌ​បាត្រ​កាលពី​ថ្ងៃទី​២៦ មីនា ២០២០ ចាប់ពី​ផ្សារ​ថ្នល់ទទឹង ដល់​កំបូល ហើយ​ប្តូរ​ខោអាវ​នៅលើ​រថយន្ត​។​

​សូមបញ្ជាក់ថា ជនសង្ស័យ​ប្រើ​សារធាតុ​ញៀន​៣​ខែ​មកហើយ ។ ចំពោះ​ករណីនេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

មតិយោបល់