ព័ត៌មានជាតិ

Update៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន បូព៌ា អាស៊ី បុកស្ត្រី២នាក់ស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ

កំពង់ឆ្នាំង: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង១១ និង៥០នាទីថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងលើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខសាលាបឋមសិក្សា អ្នកតាពោធិ៍ ស្ថិតក្នុងភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ចន្លោះគីឡូម៉ែត្រលេខ ១២៨-១២៩។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយរថយន្តដឹកអ្នកដំណើរធុនធំ របស់ក្រុមហ៊ុន បូព៌ា អាស៊ី និងម៉ូតូ។ នគរបាលបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយានយន្តទាំងពីរ បើកបរក្នុងទិសដៅស្របគ្នា ពីកើតទៅលិច ដោយម៉ូតូបើកបរពីមុខរថយន្ត ហើយម៉ូតូជិះគ្នា២នាក់ ភេទស្រី (អ្នកបើកបរ និងអ្នករួមដំណើរ)។ ពេលជិតដល់ចំណុចកើតហេតុ អ្នកបើកបរម៉ូតូ បានចុះពីថ្នល់កៅស៊ូបើកបរទៅជាយថ្នល់វិញ បម្រុងបត់ស្តាំតាមផ្លូវវត្តយុគន្ធរ ពេលនោះស្រាប់តែរថយន្ត បានមកពីក្រោយបុកពេញទំហឹងពីក្រោយម៉ូតូ និងបានអូសទាំងមនុស្សនិងម៉ូតូទៅមុខជិត២០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។
ក្រោយកើតហេតុ សមត្ថកិច្ច បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក ស្រុកបរិបូណ៌ ក្រោយមកជនរងគ្រោះ ក៏បានបាត់បង់ជីវិតទាំង២នាក់ នៅមន្ទីរពេទ្យ ។

វត្ថុតាងទាំង២ម៉ូតូខូចខាតទាំងស្រុង (ធ្ងន់) រថយន្តខូចខាតស្រាល សមត្ថកិច្ច បានធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ហើយយកវត្ថុតាងទាំង២មករក្សាទុកនៅអធិការដ្ឋាន ដើម្បីរៀបចំសំណុំរឿងតាមនិតិវិធី អ្នកបើកបររថយន្ត ក្រោយកើតហេតុបានរត់គេចខ្លួនបាត់៕

មតិយោបល់