ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះមានម្នាក់ ជាអ្នកសារព័ត៌មាន ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ចុះបង្ក្រាបគ្រឿងញៀននៅទីតាំងមួយកន្លែង ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ ក្នុងនោះមានម្នាក់ ជាអ្នកសារព័ត៌មាន រហស្សនាម «ខ្លាស…» ។

ប្រតិបត្តិការនេះ បានធ្វើទ្បើងកាលវេលាម៉ោង ១១និង១០នាទីយប់ ត្រង់ចំណុចភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទី១មានរហស្សនាម «ខ្លាស..» ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មុខរបរអ្នកសារព័ត៌មាន និងទី២ មិនត្រូវស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យ២នាក់ ក្នុងនោះមានម្នាក់ ជាអ្នកកាសែត បានមកទិញថ្នាំញៀន។ បន្ទាប់ពីទិញបាន ក្នុងចំណោមពួកគេ ដែលមានរហស្សនាម «ខ្លាស..» បានថតថ្នាំញៀន ចំពេលកម្លាំងសមត្ថកិច្ចឃើញ ក៏ឃាត់ខ្លួនបានទាំង២នាក់ភ្លាមៗតែម្ដង។

ប្រភពពីជនសង្ស័យម្នាក់ ដែលអះអាងថា ជាអ្នកកាសែត បានប្រាប់អ្នកសារព័ត៌មានថា រូបគេពិតជាបានមកទិញគ្រឿងញៀនប្រាកដមែន តែគ្រាន់តែទិញវា យកមកថតដើម្បីរាយការណ៍ព័ត៌មានប៉ុណ្ណោះ មិនគួរណាសមត្ថកិច្ចឃាត់ខ្លួនសោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ ទៅអធិការដ្ឋានខណ្ឌសែនសុខ ធ្វើសាកសួរ និងធ្វើកំណត់ហេតុ ដើម្បីកសាងសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់