ព័ត៌មានជាតិ

ប្ដីប្រពន្ធ ២នាក់ ជនជាតិវៀតណាម ត្រូវបានជនសង្ស័យមិនស្គាល់មុខ កាប់ជាច្រើនកាំបិត បណ្ដាលឲ្យរបួសធ្ងន់ នៅស្រុកកោះធំ

កណ្ដាល: ជនជាតិវៀតណាមប្ដីប្រពន្ធ២នាក់ ខណ:កំពុងដេកក្នុងតូបលក់គុយទាវរបស់ខ្លួន ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្ដសញ្ញាណម្នាក់ ចូលមកកាប់ជាច្រើនកាំបិត ធ្វើជនរងគ្រោះទាំង ២នាក់ប្ដីប្រពន្ធទទួលរងរបួសធ្ងន់ រីជនដៃដល់បានរត់គេចខ្លួនក្រោយពីធ្វើសកម្មភាពរួច ។

ករណីនេះ កើតឡើងនៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចតូបលក់ដូររបស់រងគ្រោះ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនសង្ស័យមិនស្គាល់អត្ដសញ្ញាណ ភេទប្រុស។
ជនរងគ្រោះ ២នាក់៖
១-ឈ្មោះ ង្វៀង យ៉ាំងយ៉ុង ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់គុយទាវ (រងរបួសធ្ងន់)។
២-ឈ្មោះ ដង ធីយឹង ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរគុយទាវ (រងរបួសធ្ងន់) ។
ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធនេះ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុ ។

ដំណើររឿង៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីលក់ដូរ និងរៀបចំទុកដាក់ឥវ៉ាន់សម្រាប់លក់ដូររួច នៅពេលយប់ជនរងគ្រោះ២នាក់ ប្ដីប្រពន្ធបានចូលដេកក្នុងតូបលក់គុយទាវរបស់ខ្លួន លុះមកដល់វេលាម៉ោង ១រំលងអធ្រាត ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្ដសញ្ញាណម្នាក់ បានដើរចូលមកកន្លែងដេកជនរងគ្រោះ រួចយកកាំបិតកាប់ទៅលើជនរងគ្រោះទាំង២នាក់ ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ រួចហើយបានប្រតាយប្រតប់គ្នា ហើយជនរងគ្រោះជាប្រពន្ធបានស្រែកហៅ អ្នកលក់ផ្លែឈើនៅក្បែរនោះឲ្យជួយ តែភ្លាមនោះ ជនសង្ស័យបានរត់គេចចេញពីកន្លែងកើតហេតុបាត់តែម្ដង ។ ចំណែកជនរងគ្រោះ ត្រូវបានអ្នកជិតខាងយកទៅសង្គ្រោះព្យាបាលនៅប្រទេសវៀតណាម ។

ចំពោះករណីនេះ កម្លាំងប៉ុស្តិ៍ និងកម្លាំងជំនាញស្រុក កំពុងកសាងសំណុំរឿង ដើម្បីធ្វើការស្រាវជ្រាវរកជនដៃដល់ចាត់ការតាមច្បាប់៕

មតិយោបល់