សៀមរាបៈ នៅវេលាម៉ោង ៦និង០០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មានករណីមនុស្សដេកស្លាប់ ចំណុចគ្រែដេករបស់ខ្លួនផ្ទាល់ ក្នុងភូមិគោគជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ លឿត ជុំ ហៅធុល ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាងភ្លើង រស់នៅភូមិឃុំកើតហេតុ។
ក្រោយទទួលសេចក្ដីរាយការណ៍ សមត្ថកិច្ចជំនាញចុះស្រាវជ្រាវពិនិត្យលើសាក រួមមានសមាសភាពចូលរួម៖
-លោក នឹម សារ៉ាត់ តួនាទីអធិការរង-ដឹកនាំក្រុមការងារនគរបាលយុត្តិធម៌
-លោក ឯក ស៊ីផុន តួនាទីមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក
-លោក ម៉ង់ សម្បត្តិ តួនាទីប្រធានពេទ្យបង្អែកពួក
-លោក បាំ បឿយ តួនាទីក្រុមប្រឹក្សាឃុំពួក
-លោក នុង ឌុត តួនាទីអនុភូមិគោកជួន។
ការសន្និដ្ឋានក្រោយធ្វើការពិនិត្យលើសព ពីសមត្ថកិច្ចជំនាញ៖
-នគរបាលយុត្តិធម៌៖ លើខ្លួនសាកសពគ្មានស្លាកស្នាមគួរកត់សម្គាល់ មានចេញអាចម៍រាគប្រឡាក់ខោ ពុំពាក់ព័ន្ធបទឃាតកម្ម ។
-គ្រូពេទ្យបញ្ជាក់ថា៖ ជនរងគ្រោះ មានបញ្ហាកើតខ្យល់ ស្ទះសសៃឈាមបណ្ដាលឲ្យស្លាប់ ។
ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ លឿត សុជាតិ ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់សព រស់នៅផ្ទះជុំគ្នាតែពីរនាក់ បានប្រាប់ថា ប្រវត្តិជនរងគ្រោះជាមនុស្សញៀនផឹកស្រាជាប្រចាំ មានជំងឺក្នុងខ្លួន។ ជាក់ស្ដែងនៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ គាត់បានឮសំឡេងបងប្រុសគាត់ដេកថ្នូរពោលពាក្យថា ឈឺៗ និងថាឈឺក្នុងខ្លួនរយៈពេល ៣ថ្ងៃមកហើយ! ដោយរាគអាចម៍ផង! លុះដល់ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ម៉ោង៦ព្រឹក គាត់បានឃើញបងប្រុសដេកស្លាប់នៅគ្រែដេករបស់ខ្លួនក្រោមផ្ទះតែម្តង រូបគាត់បានហៅបងប្អូនជិតខាងជួយមើល និងរាយការណ៍ជួនសមត្ថកិច្ច ។
ជុំវិញហេតុការណ៍ស្លាប់ខាងលើ បង-ប្អូនសាច់ញាតិគ្រួសារសព ពួកគាត់សុំមិនប្តឹងបទល្មើសព្រហ្មទណ្ឌទេការស្លាប់របស់ឈ្មោះ លឿត ជុំ ខាងលើគឺស្លាប់ដោយមូលហេតុជំងឺរបស់ខ្លួន។
ក្រោយពិនិត្យសពរួចរាល់តាមនីតិវិធី បានប្រគល់សព ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់