បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់បានសុំផ្ទះគេស្នាក់នៅ១យប់ ពេលម្ចាស់ផ្ទះមិននៅ មានឱកាសលួចម៉ូតូរបស់ម្ចាស់ផ្ទះជិះគេចបាត់ដោយសុវត្ថិភាព តែសំណាងអាក្រក់ម៉ូតូអស់សាំង ជនសង្ស័យបានយកម៉ូតូលាក់ទុកចោលនៅក្នុងព្រៃ ហើយគេចខ្លួនបាត់។
ក្រោយមកអាវុធហត្ថស្នាក់ការសន្តិសុខ៦៦៦ភ្នំលៀប ស្រុកព្រះនេត្រព្រះ ក៏បានប្រទះឃើញម៉ូតូ១គ្រឿង ដែលគេយកមកប្លុងចោលនៅក្នុងព្រៃ ពេលនោះ កំលាំងអាវុធហត្ថស្នាក់ការ ក៏បានបញ្ជូនមកទីបញ្ជាការអាវុធហត្ថខេត្ត រួចធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដើម្បីស្វែងរកម្ចាស់លុះនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ ស្រាប់តែជនសង្ស័យ បានចេញមុខមកយកម៉ូតូ ដោយអះអាងថា ខ្លួនជាម្ចាស់ម៉ូតូ ដោយសារតែគ្មានឯកសារគ្រប់គ្រាន់ ហើយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ទិដ្ឋ រដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលបានដាក់ពាក្យបណ្ដឹងនៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ទើបអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួនតែម្ដង។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលលើការងារយុត្តិធម៌ បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ត្រង សង្គម (ហៅសង្គោម) ភេទប្រុស អាយុ១៩ឆ្នាំ។ លោក បានបន្ដថា ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចម៉ូតូរបស់ឈ្មោះ ទិដ្ឋ រដ្ឋ នេះពិតប្រាកដមែន ក្រោយពីលួចបានហើយខ្លួនបានជិះទៅខេត្តកំពង់ធំ លុះជិះមកដល់ចំណុច ឃុំភ្នំលៀប ស្រុកព្រះនេត្រ ម៉ូតូក៏អស់សាំងហើយខ្លួនអត់មានប្រាក់ចាក់សាំងក៏ទុកម៉ូតូចោលក្នុងព្រៃក្បែរ បង្គោលភ្លើងចុះពីផ្លូវជាតិប្រហែល១០ម៉ែត្រហើយជនសង្ស័យក៏បានគេចខ្លួន។
ក្រោយពីបានចម្លើយសារភាព ហើយជនសង្ស័យត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។ ចំណែកម៉ូតូត្រូវបានប្រគល់ទៅឲ្យម្ចាស់ដើមវិញ៕
មតិយោបល់