ស្ទឹងត្រែង: ទីតាំងជល់មាន់មួយកន្លែងក្នុងក្រុងស្ទឹងត្រែង ត្រូវបានកម្លាំនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ចុះបង្ក្រាបព្រមទាំងឃាត់ខ្លួនអ្នកញៀនល្បែងមាន់ជល់ផ្កាប់មុខ២នាក់ ដែលពួកគេយកល្បែងជល់មាន់នេះធ្វើជាអាជីព បណ្តាលឲ្យផ្អើលរត់ជាន់ជើងគ្នា ខណៈពេលដែលកំពុងជួបជុំគ្នាជល់មាន់ស្រែកហ៊ោកញ្ជ្រៀវ សប្បាយភ្លេចខ្លួន។
ការចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ខាងលើនោះ បានធ្វើឡើងកាលពីវេលាម៉ោងប្រម៉ាណជា១ និង៥១នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះរបស់ម្ចាស់សង្វៀនមួយកន្លែង ស្ថិតក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានប្រាប់ដឹងថា មុនពេលចុះបង្ក្រាបកម្លាំង បានចុះល្បាតនៅក្នុងមូលដ្ឋានខាងលើដើម្បីពួនស្ទាក់ ទើបយើងអាចបង្ក្រាបបាន។ ទីតាំងខាងលើនេះគឺមានគេរាយការណ៍ប្រាប់ម្តងរួចមកហើយ ប៉ុន្តែយើងមិនអាចចុះបង្ក្រាបបានភ្លាមៗទេ ព្រោះថា ឲ្យតែឃើញសមត្ថកិច្ចទៅដល់ អ្នកជល់មាន់ទាំងនោះតែងតែគេចខ្លួនបាត់ហាក់បីដូចជាមានអ្នកមើលផ្លូវសមត្ថកិច្ចដើម្បីប្រាប់ឲ្យពួកនោះគេចខ្លួនមុនអញ្ចឹង។
ប៉ុន្តែថ្ងៃនេះជាថ្ងៃស៊យ អ្នកជល់មាន់ទាំងអស់នោះដែលមានមនុស្សជាច្រើននាក់កំពុងនាំគ្នាជល់និងផ្គូរផ្គងមាន់ ហើយស្រែហ៊ោកញ្ជ្រៀវយ៉ាងសប្បាយរីករាយ ភ្លេចខ្លួន ពេលនោះកម្លាំងសមត្ថកិច្ច ក៏បានចុះទៅដល់ រួចធ្វើការក្របួចបានតែម្តងទៅ។ ប្រភពអ្នកនៅក្បែរនោះបានប្រាប់បន្ថែមទៀតថា នៅខណៈពេល ដែលកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងនោះភ្លាម មានអ្នកខ្លះដឹងខ្លួនមុន បានរត់គេចខ្លួនចោលម៉ូតូ និង ស្បែកជើង ក្នុងស្ថានភាពភ័យស្លន់ស្លោក៏មាន ចំណែកអ្នកខ្លះទៀត រវល់តែសប្បាយក្នុងការជល់មាន់ភ្លេចក្រឡេកមើលឆ្វេង មើលស្តាំ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗនៅនឹងកន្លែងក៏មានផងដែរ។
ក្រោយការចុះបង្ក្រាបទីតាំងជល់មាន់ខាងលើ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន២នាក់ ទី១ឈ្មោះ នុត សុវណ្ណា ភេទប្រុស ហៅតា អង្គត់ ជាម្ចាស់សង្វៀន រស់នៅភូមិ កើតហេតុ, ទី២ឈ្មោះ ងួន ង៉ាងហាង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើដូចគ្នា ព្រមទាំង ដកហូតបានវត្ថុតាងរួមមាន មាន់អាគកចំនួន៦ក្បាល ជាលក្រុងមាន់៩, ទ្រង់មាន់១, កន្ត្រកដាក់មាន់ចំនួន៤, កៅស៊ូតង់សម្រាប់ព័ទ្ធសង្វៀនជលមាន់១ ព្រមទាំង ម៉ូតូចំនួន៩គ្រឿងផងដែរ។
បច្ចុប្បន្ន អ្នកញៀនល្បែងជល់មាន់ទាំងអស់នោះត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការទៅតាមនិតិវិធី៕
មតិយោបល់