ភ្នំពេញៈ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ តំបន់ទេសចរណ៍មួយកន្លែងកំពុងពួនលាក់ខ្លួនលាក់សម្ផស្សនៅក្នុងទីព្រៃដ៏ជ្រៅ នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ តំបន់ទេសចរណ៍ដែលបានបង្កើតឡើងតាំងពីជាង១០ឆ្នាំមុននេះ មិនសូវជាមានអ្នកផងឯនាយបានស្គាល់ច្រើននោះឡើយ បើមិនមែនអ្នកតំបន់នោះ។
ទឹកធ្លាក់ ច្រកល្អៀង ឈ្មោះនេះស្ដាប់មួយភ្លេតហាក់ប្លែក ហើយអាចប្រជាជនខ្មែរ មិនច្រើនទេ ធ្លាប់បានឮពីមុនមក។ ប៉ុន្តែឈ្មោះនេះ គឺជាឈ្មោះនៃទីរមណីយដ្ឋានដ៏ស្រស់ត្រកាលមួយកន្លែង ដែលពោរពេញទៅដោយសម្រស់ធម្មជាតិ លាយឡំទៅដោយខ្យល់ត្រជាក់ ម្លប់ឈើតូចធំត្រឈឹងត្រឈៃ សត្វព្រៃយំត្រហឹងអឺងកង រួមជាពិសេសជាមួយសំឡេងទឹកឈូហូរកាត់ផ្ទាំងថ្ម បង្កឡើងជាសំឡេងរំពងព្រៃ គួរជាទីមនោរម្យរាប់ឆ្នាំមកហើយ។
មានចម្ងាយផ្លូវមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ ត្រឹមតែ១៥៤គីឡូម៉ែត្រ យើងអាចធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ទីរួមស្រុកក្រគរ ត្រង់ផ្សារសាមគ្គីក្រគរ មានផ្លូវបែកជាបួនបត់ឆ្វេង ហើយបន្តដំណើរតាមផ្លូវលេខ៥៥ ក្នុងចម្ងាយផ្លូវ២៩គីឡូម៉ែត្រ ដល់ផ្សារបំណក់ និងបន្តពីផ្សារបំណក់ ទៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មានចម្ងាយ១៥គីឡូម៉ែត្រទៀត ដែលអមដោយព្រៃភ្នំ ព្រៃល្បោះ និងចម្ការអ្នកភូមិនៅក្បែរៗនោះ មានចម្ការអំពៅ ក្រូចពោធិ៍សាត់ ពោត ចេក ។ល។ រមណីយដ្ឋាននេះ ស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឬចម្ងាយ៧៣គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់។
ជាមួយនឹងសម្រស់ធម្មជាតិដ៏ត្រកាលនេះ រមណីដ្ឋានទឹកធ្លាក់ច្រកល្អៀង ត្រូវបានបង្កើតឡើងតាំងពីជាង១០ឆ្នាំមុន ប៉ុន្តែមានមនុស្សមិនច្រើនទេ ដែលស្គាល់ពីរមណីយដ្ឋានធម្មជាតិមួយនេះ។ បង្កើតឡើងក្នុងឆ្នាំ២០០២ ក្នុងឱកាសដែលប្រទេសជាតិបាន និងកំពុងទទួលបាននូវសុខសន្តិភាព ផ្លូវចូលឆ្ពោះទៅរមណីយដ្ឋានច្រកល្អៀង ត្រូវបានកសាងឡើងយ៉ាងធំទូលាយអំពីគ្រួសក្រហម ដើម្បីឲ្យភ្ញៀវទេសចរជាតិអន្តរជាតិ អាចទៅដល់ដោយងាយស្រួល មានទាំងសន្តិសុខ និងសុវត្ថិភាពគ្រប់ទីកន្លែង។ លើសពីនេះ ដើម្បីផ្ដល់ភាពងាយស្រួលបង្ហាញផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋាន និងក្នុងរមណីយដ្ឋានទៅដល់សហគមន៍ ភ្ញៀវជាតិ អន្តរជាតិ ស្លាកសញ្ញាបង្ហាញផ្លូវយ៉ាងច្រើន ត្រូវបានដាក់បង្ហាញចាប់ពីផ្លូវជាតិ រហូតដល់រមណីយដ្ឋាន រួមមានឈ្មោះដំណាក់កម្សាន្តនីយមួយៗ ដោយផ្សារភ្ជាប់ទៅនឹងប្រវត្តិដែលបានផ្ដួចផ្ដើមបង្កើតឡើង។
ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មានទឹកធ្លាក់ប្រវែងជាង១គីឡូម៉ែត្រ ដែលមានកម្ពស់ទឹក៣០ម៉ែត្រ បានក្លាយជាចំណុចសក្ដានុពលទេសចរណ៍ទាក់ទាញភ្ញៀវជាតិអន្តរជាតិ អមដោយខ្យល់ត្រជាក់ ម្លប់ដើមឈើតូចធំគ្រប់ទីកន្លែង មានសត្វព្រៃចូលមករស់នៅជាបណ្ដើរៗ ដូចជា ខ្លា ឈ្លូស ស្វា ទោច ពស់ថ្លាន់ ជ្រូកព្រៃ ។ល។ ជាពិសេសមានទឹកហូរថ្លាត្រជាក់គ្រប់រដូវមិនដែលរីងស្ងួត លម្អដោយផ្ទាំងថ្មតូចធំរាយប៉ាយក្នុងទឹក ល្បាក់ទឹកធ្លាក់ច្រើនកន្លែងសម្រាប់លេងកម្សាន្តដល់មនុស្សគ្រប់វ័យ ជាពិសេសមានទីធ្លាធំទូលាយ អាចទទួលភ្ញៀវដល់៨០០០នាក់ក្នុងមួយថ្ងៃ។
នៅក្នុងរមណីយដ្ឋានឯណោះវិញ យើងអាចរកទិញរបស់របរប្រើប្រាស់មួយចំនួន រួមនឹងម្ហូបអាហារតាមតម្រូវការនៅក្នុងផ្សារតូចមួយអមផ្លូវចូលរមណីយដ្ឋាន។ អ្វីដែលពិសេស គឺយើងសង្កេតឃើញបងប្អូនប្រជាមូលដ្ឋានលក់នូវផល្លានុផលក្នុងតំបន់ រួមមានក្រូចពោធិ៍សាត់ដ៏ផ្អែមឆ្ងាញ់ អំពៅ ពោត ចេក ម្កាក់ ដែលមានចម្ការមិនឆ្ងាយពីនោះ សុទ្ធតែជាផលដំណាំធម្មជាតិរបស់បងប្អូនប្រជាកសិករមូលដ្ឋាន។ ងាកមកភ្លក្សមុខម្អូបប្រចាំតំបន់ និងជាអាហារពិសេសសម្រាប់ពលរដ្ឋខ្មែរ គ្រប់វ័យមិនថា អ្នកមាន ឬអ្នកក្រ គ្រប់ពេលដើរកម្សាន្តក្នុងព្រៃតែរមីនឹងដល់គ្រប់ៗគ្នា។ ប្រហុកដុតក្រសាំង គឺជាម្អូបប្រចាំតំបន់ ត្រូវបានដាក់អាំងអមតាមផ្លូវខ្ចប់ស្លឹកចេក ដាក់ក្បែរបាយស្លឹកឈូក បង្ហើរក្លិនឈ្ងុយដល់ច្រមុះគ្រប់គ្នា បើមិនបានភ្លក្សពិតជាស្ដាយពេកណាស់។ ប៉ុន្តែមិនទាន់អស់ទេ នៅមានទៀត នៅមានមាន់ទាអាំង ប្រឆាំងនឹងកង្កែបបោក ធ្វើឲ្យយើងស្រណោះស្រណោកមិនអាចនឹងភ្លក្សមិនបាន។
ក្រោយទិញបានបាយម្ហូបអាហារ និងសម្ភារៈសម្រាប់ងូតទឹក យើងអាចបន្តដំណើរចូលទៅក្នុងទីរមណីយដ្ឋាន ដែលគេឮដំបូងឡើយ ហើយដឹងច្បាស់នោះ គឺសំឡេងទឹកឈូហូរកាត់ផ្ទាំងថ្មតូចធំ ឡាន់ឮរំពងព្រៃ អមនឹងសំឡេងសត្វយំចេកចាច ត្រហឹងអឺងកង បង្កជាមនោសញ្ចារម្មណ៍គួរជាទីបេតី មុននឹងទៅដល់ដំណាក់កម្សាន្តនីមួយៗ។
ក្រៅពីសក្ដានុភាពទាក់ទាញភ្ញៀវទាំងសម្រស់បែបធម្មជាតិ និងម្ហូបអាហារឆ្ងាញ់ៗប្រចាំតំបន់ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង នៅមានកន្លែងកម្សាន្តក្នុងរមណីយដ្ឋានចំនួន៨ដំណាក់ផ្សេងទៀត ដែលអមដោយប្រវត្តិ និងលក្ខណៈសម្គាល់ពិសេសៗសម្រាប់ដំណាក់នីមួយៗ។ ដំណាក់ទាំង៨ រួមមាន ទី១ ដំណាក់កោះយាយចាំតា ឬកោះអូនរង់ចាំ ឬកោះលាក់ស្នេហ៍ ដែលមានសណ្ឋានជាកោះតូចមួយមានទឹកថ្លាហូរធ្លាក់យ៉ាងត្រជាក់ និងមានផាសុខភាពសម្រាប់មនុស្សវ័យចាស់ៗ ដែលមិនចង់ធ្វើដំណើរទៅកាន់ដំណាក់ឆ្ងាយៗ។ ដំណាក់នេះ មានដំណាលថា លោកតាមានទ្រព្យស្ដុកស្ដម្ភវ័យចំណាស់ម្នាក់ មានភរិយាក្មេង តែងតែនាំគ្នាមកអង្គុយលេង ហើយយាយប្រពន្ធក្មេងតែងយកចិត្តទុកដាក់ចំពោះស្វាមីចំណាស់ និងខិតខំរកទីតាំងដ៏ស័ក្ដិសមសម្រាប់អង្គុយកម្សាន្តជាមួយប្ដី។
រីឯ ទី២ ដំណាក់ទឹកឈូរ ទី៣ ដំណាក់មនោរម្យ ទី៤ ដំណាក់ថ្មសណ្ដូក ទី៥ ដំណាក់ព្រះ ដែលត្រូវបានអ្នកភូមិយកព្រះពុទ្ធបដិមាករជាច្រើនអង្គទៅតម្កល់នៅទីនោះសម្រាប់បូជា បន់ស្រន់ និងបួងសួងសុំសេចក្ដីសុខ ទី៦ ដំណាក់ម្លប់ជ្រៃក្រឹម ទី៧ ដំណាក់កោះសុបិន្ត និងទី៨ គឺដំណាក់ទឹកធ្លាក់ ជាដំណាក់ចុងក្រោយសម្រាប់ដំណើរកម្សាន្តចម្ងាយ១គីឡូម៉ែត្រ ពីដំណាក់ទី១។ ចំណុចពិសេសនៃដំណាក់នេះ មានច្រកចំនួន២ មានទឹកធ្លាក់អាចឲ្យភ្ញៀវលេងបានគ្រប់ពេល ហើយភ្ញៀវខ្លះដាក់ឈ្មោះទឹកធ្លាក់នេះថា ទឹកធ្វើសរសៃ ព្រោះបើភ្ញៀវនៅពីក្រោមទឹកធ្លាក់នេះ គេអាចមានអារម្មណ៍ថា ដូចមានគេធ្វើសរសៃ និងស្រួលខ្លួន។
និយាយជារួមមក រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មិនមែនត្រឹមតែជាទីរមណីយដ្ឋានសម្រាប់ចុះលេងទឹកកម្សាន្តនោះទេ ប៉ុន្តែភ្ញៀវក៏អាចអង្គុយលេងកម្សាន្ត ឬបោះតង់ស្នាក់អាស្រ័យ ហើយថែមទាំងផ្ដល់លទ្ធភាពរៀបចំដំណើរកម្សាន្តក្នុងព្រៃធម្មជាតិទៀតផង។ រមណីយដ្ឋានមួយនេះ ជារមណីយដ្ឋានមួយរបស់ខេត្តពោធិ៍សាត់ និងមានសក្ដានុពលទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងជាទីពេញចិត្តសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ៕
មតិយោបល់