កណ្តាលៈ កាលពីវេលាម៉ោង០១និង០០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ករណីជនសង្ស័យម្នាក់ មានគំនុំប៉ុនប៉ងធ្វើឃាតកម្ម យកកាំបិតកាប់ពីរនាក់ប្តីប្រពន្ធ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រឿងនោមដាក់ជញ្ជាំងផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះ៖១-ឈ្មោះង្វៀង យ៉ាំង យុង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់គុយទាវ មានទីលំនៅភូមិ-ឃុំកើត ២-ឈ្មោះ ដង ធីយឹង ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ និងលក់ គុយទាវ(ប្តីប្រពន្ធ) ។ ចំណែកជនសង្ស័យម្នាក់ឈ្មោះ លី លាំងហាវ (LI LIANGHAO) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅបន្ទប់ជួល ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ។
វត្ថុតាងចាប់យក៖ កាំបិត០១ ដែលមានដងផ្លែធ្វើពីដែក មានទំហំ៣៦x៦សង្ទីម៉ែត្រ អាវយឺតដៃវែងពណ៌ឈាមជ្រូក មានឡេវរូតពីមុខ០១ ស្បែកជើងចំពាមជ័រពណ៌ខ្មៅ ម៉ាក Pedro ០១គូរ អាវយឺតដៃខ្លីពណ៌ស មានរូបមនុស្សម្នាក់០១ ខោយឺតជើងវែងពណ៌ខ្មៅ មានអក្សរអង់គ្លេស LI LI NING ០១ ខោលីអូពណ៌ស្វាយ០១ ធុងជ័រពណ៌ក្រហម ដែលមានទឹកត្រាំខោអាវ ប្រឡាក់ឈាម០១ លិខិតឆ្លងដែន០១ អត្តសញ្ញាណប័ណ្ណជនជាតិចិន០១សន្លឹក កាតធនាគារ ០១សន្លឹក កាបូបដៃពណ៌ខ្មៅ ម៉ាកJINBAOLAI ០១ កាបូបស្ពាយពណ៌ខ្មៅ០១ វ៉ាលីដាក់ខោអាវពណ៌ខ្មៅ០១ ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ បន្ទាប់ពីលក់ដូររួចជនរងគ្រោះ០២ នាក់ប្ដីប្រពន្ធបានចូលដេកលើគ្រែ ក្នុងរោងកន្លែងលក់ដូរដូចសព្វដង ដោយដេកនៅក្នុងរោងកន្លែងលក់ដូរ លើគ្រែ០២នាក់ប្ដី (ប្រពន្ធ) ពុំបានបិទទ្វារត្រឹមត្រូវទេ ។ នៅពេលដែលជនរងគ្រោះទាំង២កំពុងដេក ស្រាប់តែជនសង្ស័យម្នាក់ ដែលពេលនោះ គឺពាក់អាវយឺតដៃវែង ពណ៌ឈាមជ្រូក និងពាក់អាវយឺតដៃខ្លីពណ៌ស ពីខាងក្នុង ស្លៀកខោជើងវែងពណ៌ខ្មៅ (រូបភាពបញ្ជាក់ពីកាមេរ៉ាសុវត្ថិភាព) បានចូលមកធ្វើសកម្មភាព កាប់លើជនរងគ្រោះ០២នាក់ប្ដីប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ទាំង០២នាក់ ក្នុងពេលនោះ រួចហើយបានប្រតាយប្រតប់គ្នា ហើយជនរងគ្រោះជាប្រពន្ធបានស្រែកហៅអ្នកលក់ ផ្លែឈើនៅក្បែរនោះឲ្យជួយតែភ្លាមនោះ ជនសង្ស័យបានរត់គេចចេញពីកន្លែងកើតហេតុ ចំណែកជនរងគ្រោះ ត្រូវបានអ្នកជិតខាងនាំយកទៅសង្គ្រោះ ព្យាបាល នៅប្រទេសវៀតណាម និងបានរាយការណ៍ទៅសមត្ថកិច្ចនគរបាល ។ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ និងជំនាញស្រុក បានចុះធ្វើការ ស្រាវជ្រាវ ដោយបានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ដែលមាននៅក្បែរកន្លែងកើតហេតុ ឃើញថានៅចន្លោះពេលកើតហេតុ គឺមានមនុស្សប្រុសម្នាក់ពាក់អាវយឺតដៃវែង ពណ៌ឈាមជ្រូក និងពាក់អាវយឺតដៃខ្លីពណ៌សពីខាងក្នុង ស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់ស្បែកជើងចំពាមពណ៌ខ្មៅ និងមានដំណើរដូចអ្នកពិការជើង បានដើរចេញពីមុខផ្ទះជួលយីហោ ៧៧៧ ឆ្លងផ្លូវឆ្ពោះទៅផ្ទះជនរងគ្រោះ ។
បន្ទាប់មកនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ចក៏បានប្រទះឃើញជនសង្ស័យឈ្មោះ លី លាំងហាវ ដែលមានភិនភាគដូចរូបក្នុងកាមេរ៉ាសុវត្ថិ ភាព ដើរចូលទៅក្នុងបន្ទប់ជួលលេខ១ រួចក៏បានបើកទ្វារបន្ទប់នោះ ឃើញជនសង្ស័យ នៅក្នុងបន្ទប់តែម្នាក់ឯង ហើយត្រួតពិនិត្យនៅក្នុងបន្ទប់ជួលនោះ ក៏បានប្រទះឃើញវត្ថុតាងដូចបានចាប់យកខាងលើ នៅក្នុងបន្ទប់នោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ។ តាមចម្លើយសារភាពរបស់ ជនសង្ស័យ បានសារភាពថា ពិតជាបានយកកាំបិត កាប់ទៅលើជនរងគ្រោះ០២នាក់ ប្ដីប្រពន្ធជាជនជាតិវៀតណាម មែន ដោយសារ តែមានគំនុំខឹងជនរងគ្រោះ ដែលបានជេរប្រមាថ មកលើរូបគេ រឿងដែលរូបគេទៅជុះនោមដាក់ជញ្ជាំងផ្ទះជនរងគ្រោះ ។
ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់