ភ្នំពេញៈ រថយន្តលុចស៊ីស GS300 បើកបោះពួយយ៉ាងលឿន រេចង្កូតទៅកៀររថយន្ត Morning ១គ្រឿងទៀត ដែលឈប់ចតស្ងៀមលើចិញ្ចើមផ្លូវ ហើយបន្តទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លើងមួយដើមថែមទៀត។
មូលហេតុ៖ អ្នកបើកបរ អះអាងថា មកពីខូចប្រព័ន្ធបញ្ជា។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរខ្លោងទ្វារវត្តនាគវ័ន្ត តាមបណ្ដោយបណ្តោយផ្លូវ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត១គ្រឿង ម៉ាកលុចស៊ីសGS300 ពណ៌ស ពាក់ផ្លាលេខ ភ្នំពេញ 2BF-4434 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០៨ ក្នុងក្នុងល្បឿយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បានរេចង្កូតមកស្ដាំ ទៅកៀរចំរថយន្ត១គ្រឿងទៀត ម៉ាក KIA morning ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2AY-0246 ដែលកំពុងឈប់ចតស្ងៀម នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យក្រពឹតរងការខូចខាតមួយចំហៀងខាងឆ្វេង។ ចំណែកឯរថយន្តបង្ក នៅមិនទាន់អស់ល្បឿន ក៏បន្តទៅមុខប្រមាណ៣០ម៉ែត្រ ក៏រេចង្កូតទៅបុកជញ្ជាំងផ្ទះលេខ២២ និងផ្ទះលេខ២១ តាមបណ្ដោយផ្លូវ៦០៨ បណ្ដាលឲ្យបែកបាក់ខូចខាតយ៉ាងដំណំ រួចបន្តរេចង្កូតទៅខាងឆ្វេង ទៅបុកបង្គោលភ្លើងមួយដើម ដែលនៅចិញ្ចើមផ្លូវម្ខាងទៀត ទើបទៅមុខលែងរួច ដោយខូចខាតក្រពឹតកាងផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯបង្គោលភ្លើងខាងលើ មិនបានរងការខូចខាតនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ទាក់ទងទៅជំនាញ ឲ្យចុះវាស់វែង និងស្ទូចយករថយន្តបង្ក ព្រមទាំងអ្នកបលកបរ នាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់៕
មតិយោបល់