ព័ត៌មានជាតិ

ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកជាគោលការណ៍ការប្រកួតប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ នាខែតុលា ឆ្នាំ២០២១

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានជម្រាបជូនឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្តីការពីស្នើសុំផ្អាកជាគោលការណ៍នៃការរៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ នាខែតុលា ឆ្នាំ២០២១ ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅមិនទាន់ធូរស្បើយ។
នៅក្នុងលិខិតផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ដោយយោងលើស្ថានភាពមិនទាន់ធូរស្បើយនៃការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចជាគោលការណ៍ឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរផ្អាកការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដែលគ្រោងនឹងរៀបចំប្រកួត នៅថ្ងៃទី១៧ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។
លោក ពេជ្រ សូផែន អគ្គលេខាធិការរង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទទួលបន្ទុកការងារបច្ចេកទេស និងការងារព័ត៌មានមានប្រសាសន៍ថា ការសម្រេចផ្អាកនេះមិនទាន់ដឹងច្បាស់អំពីការបរិច្ឆេតថ្មីនៅពេលណា ឬក៏អាចពន្យារពេលដល់ឆ្នាំ២០២២។ តាមគម្រោង សហព័ន្ធបានជូនដំណឹងដល់បណ្តាប្រទេសទាំងអស់ក្នុងអាស៊ានរួចរាល់ ហើយអំពីការត្រៀមរៀបចំនេះ ប៉ុន្តែដោយសារការផ្អាកនេះមិនទាន់ច្បាស់លាស់ពីការចូលរួមថាមានកីឡាករប៉ុន្មាននាក់មកពីប្រទេសណាខ្លះនៅឡើយទេ។ គម្រោងនៃព្រឹត្តិការណ៍អាស៊ាននេះ គឺដើម្បីបង្កើនគុណផលរបស់កីឡាករប្រដាល់កម្ពុជាឲ្យកាន់តែមានសក្តានុពល ត្រៀមឆ្ពោះទៅប្រកួតប្រជែងមេដាយស៊ីហ្គេម ២លើកចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នាចុងខែមេសា-ខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
លោក ពេជ្រ សូផែន បញ្ជាក់ទៀតថា តាមផែនការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានត្រៀមរៀបចំវិញ្ញាសា ក្នុងការប្រកួតជើងឯកកម្រិតអាស៊ាននេះមានចំនួន១០ប្រភេទទម្ងន់ ដូចជាប្រភេទទម្ងន់ ៤៥គីឡូក្រាម, ៤៨, ៥១, ៥៤, ៥៧, ៦០, ៦៣.៥, ៦៧, ៧១ និងទម្ងន់ ៨១គីឡូក្រាម។ ទោះជាបច្ចុប្បន្ន ការប្រកួតជើងអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះត្រូវបានផ្អាកបណ្តោះអាសន្នក្តី ក៏លោកអគ្គលេខាធិការរងរូបនេះនៅតែរំពឹងថា កម្ពុជានឹងអាចរៀបចំការប្រកួតនេះបាន ក្នុងពេលដែលស្ថានភាពជំងឺនេះបានធូរស្បើយ ដើម្បីគោលដៅបង្កើនសិទ្ធផលរបស់កីឡាករជម្រើសជាតិប្រដាល់គុនខ្មែរឲ្យកាន់តែមានសក្តានុពល ត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕ រូបភាពឯកសារប្រកួត ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន

មតិយោបល់