កំពង់ស្ពឺៈ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌខេត្ដ បង្ក្រាបទីតាំងទទួលកត់លេខឆ្នោត (ល្បែងស៊ីសង កន្ទុយលេខ) អត់ច្បាប់អនុញ្ញតមួយកន្លែងឃាត់មនុស្ស២នាក់ ត្រូវជាម្ដាយនិងកូន ដកហូតបានវត្ថុតាងឧបករណ៍ បញ្ជូនលេខឆ្នោតនិងក្រដាសកត់លេខ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល ស្ថិតនៅផ្ទះរបស់ឈ្មោះ ហុក ស្រេង (ផ្ទះជួល) ភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស២នាក់ ស្រីម្នាក់ឈ្មោះ ឈុន រុន អាយុ៤២ឆ្នាំ (ប្រពន្ធរបស់ឈ្មោះហុក ស្រេង) ទី២ឈ្មោះហុក សៀងលីម ភេទស្រី អាយុ២១ឆ្នាំ (ត្រូវជាកូន) នៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖
-ក្រដាសកត់កន្ទុយលេខ មួយចំនួន
-សៀវភៅកត់ត្រាចំនួនទឹកប្រាក់លេខឆ្នោត ចំនួន ០៣ ក្បាល
-ម៉ាស៊ីនគិតលេខ ០១ គ្រឿង
-ទូរសព្ទដៃ២ គ្រឿង (សាំស៊ុង១គ្រឿង, អាយហ្វូន១គ្រឿង) មធ្យោបាយបញ្ជូនលេខឆ្នោតបន្ដ។
បច្ចុប្បន្នមុខសញ្ញាមេឆ្នោតទាំង២នាក់ម្ដាយនិងកូន ត្រូវបានជំនាញការិយាល័យព្រហ្មទណ្ឌខេត្ដកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់