កំពង់ធំៈ នៅវេលាម៉ោង១២និង០៥នាទីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ២៣៤-២៣៥ ភូមិព្រខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូសណ្តោងរ៉ឺម៉កបុករថយន្ត បណ្ដាលឲ្យស្លាប់ម្នាក់ ខូចខាតម៉ូតូ០១គ្រឿងនិង រថយន្ដ០១គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថា មានម៉ូតូមិនស្គាល់ម៉ាកសណ្តោងរ៉ឺម៉កផ្ទុកម៉ូតូ០១គ្រឿង បើកបរដោយជនរងគ្រោះឈ្មោះ ទឺ ទិន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគោកដូង ឃុំគោកដូង ស្រុកពួក ខេត្តសៀមរាប មុខរបរបើកបរម៉ូតូសណ្តោងរ៉ឺម៉ក បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែករថយន្ដម៉ាក DONGFENG ពណ៌ស ពាក់ផ្លាកលេខកំពង់ធំ 5A.0009 ផ្ទុកឧបករណ៍លាយស៊ីម៉ងត៍ របស់ក្រុមហ៊ុនគៀវ អ៊ាង មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ( បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ) ។
មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក បើកបរក្នុងស្ថានភាពងងុយដេក បានរេចង្កូតទៅបុករថយន្ត ដែលកំពុងចរាចរណ៍ក្នុងទិសដៅបញ្រ្ចាសគ្នា។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។ រីឯសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់