ព័ត៌មានជាតិ

បុរសម្នាក់អួតខ្លួនថាជាគ្រូពេទ្យ ហើយទំនាក់ទំនងតាមរយៈទូរស័ព្ទ បោកប្រាស់រំលោភទំនុកចិត្តគេយកម៉ូតូច្រើនខេត្ត ទីបំផុតត្រូវជាប់អន្ទាក់សមត្ថកិច្ច

បាត់ដំបងៈ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅចំណុចរង្វង់មូល រូបសំណាកមនុស្សជិះសេះ ស្ថិតក្នុងភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តន៍ តាម យោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើ នីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមនឹងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាបករណីរំលោភលើទំនុកចិត្ត (យកម៉ូតូតាមបណ្ដាញសង្គមហ្វេសប៊ុក ) ០១ ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ជា ពិសិត ភេទប្រុស អាយុ៣៧ ឆ្នាំ មានទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។

វត្ថុតាងដកហូតរួមមាន៖ -កូន សោម៉ូតូចំនួន០៥ ។ ស៊ីមកាតចំនួន០៤ ។ – បណ្ណ័បើកបរចំនួន០១សន្លឹក ។-ស្លាកលេខម៉ូតូចំនួន ០៧សន្លឹក ។ -ម៉ូតូ០១គ្រឿងម៉ាក ហុងដា ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ សៀមរាប 1AK-24 1 9 – ម៉ូតូ០១គ្រឿងម៉ាកហុងដា ឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២គ្មានស្លាកលេខ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះសឺន សាម៉ៃ ភេទស្រី អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិដាំស្ពៃសង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្គាល់ជនសង្ស័យខាងលើតាម បណ្តាញសង្គមហ្វេសប៊ុក ដោយជនសង្ស័យបានទំនាក់ទំនងប្រាប់ទៅជនរងគ្រោះថា រូបគេជាគ្រូពេទ្យទាហានប្រចាំការ នៅភ្នំពេញ រហូតដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានប្រាប់ជនរងគ្រោះថា រូបគេយកថ្នាំវាក់សាំង សម្រាប់ដូសទី៣ មកចាក់នៅខេត្តបាត់ ដំបង រហូតដល់វេលាម៉ោង១៣និង០០ នាទី ថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យ បានទូរស័ព្ទទៅ ជនរងគ្រោះតាមឆាតថារូបគេមកដល់ខេត្ត បាត់ដំបង ហើយនៅមុខមន្ទីរពេទ្យបង្អែកខេត្ត ពេលនោះជនរងគ្រោះក៏បាន ជិះម៉ូតូម៉ាកហុងដា PCX ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AD-6850 ចេញពីផ្ទះមករកទិញថ្នាំលេបផង ក៏មកជួបជនសង្ស័យ នៅចំណុចមុខពេទ្យនៅពេលជួបគ្នា ជនសង្ស័យបានប្រាប់ជនរងគ្រោះថា រូបគេមិនទាន់បានហូបបាយទេ ដោយឱ្យជនរងគ្រោះជូនទៅរកកន្លែងហូបបាយនៅ ពេលជូនទៅ ដល់កន្លែងហូបបាយ ជនសង័្សយប្រាប់ជនរងគ្រោះថា មានគេទូរស័ព្ទឱ្យរូបគេទៅយកថ្នាំ ហើយពេលនោះជនសង័្សយបានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ដើម្បីជិះទៅយកថ្នាំ ។

ពេលនោះជនរងគ្រោះ បានសុខចិត្តប្រគល់ម៉ូតូឱ្យទៅជនសង័្សយ ហើយជនសង័្សយបានជិះម៉ូតូនោះទៅបាត់រហូត ។

ដោយរង់ចាំបាត់យូរពេក មិនឃើញជនសង័្សយជិះម៉ូតូត្រឡប់មកវិញ ទើបជនរងគ្រោះមានការ សង័្សយថា រូបគាត់ពិតជាចាញ់បោកជនសង័្សយខាងលើនោះហើយ ដូចនេះរូបគាត់បានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាល ដើម្បីធ្វើការស្រាវជ្រាវ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយ សារភាពថា កន្លងមករូបគេធ្លាប់បាន ធ្វើសកម្មភាពដូចខាងលើ នេះចំនួន០៤ លើកមក ហើយ គឺនៅក្នុងខេត្តឧត្តរមានជ័យចំនួន០២ លើក និងនៅ ក្នុងខេត្តពោធិ៍សាត់ចំនួន០២ លើក តែលើកចុង ក្រោយនេះធ្វើសកម្មភាព នៅខេត្តបាត់ដំបងក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ និងបង្រ្កាបបានតែម្តង ។

ពេលនេះ ការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ ៕

មតិយោបល់