កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកម្លាំង ចុះបង្ក្រាបទៅលើទីតាំងលួចលាក់ទុកការនាំចូលនូវពោះវៀនជ្រូកដែលមានសារធាតុគីមីចំនួន២កុងតឺន័រ នាវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិជ័យឧត្តម១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថាមានករណីលាក់ទុកពោះវៀតជ្រូកនៅទីតាំងខាងលើ ភ្លាមនោះលោកបានដឹកនាំកម្លាំងជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយនគរបាលស្រុកកៀនស្វាយ ,មន្ត្រីជំនាញកាំកុងត្រូល ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូង ធ្វើការឆែកឆេ ទីតាំងខាងលើ បានរកឃើញពោះវៀនជ្រូកមានសារធាតុគីមី ២កុងតឺន័រតែម្ដង ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងដកហូតវត្ថុតាងពាក់ព័ន្ធខាងលើ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ព័ត៌មានជាតិ
មតិយោបល់