ព័ត៌មានជាតិ

គាស់ផ្ទះលួចយកម៉ូតូបានមួយថ្ងៃ ត្រូវសមត្ថកិច្ចក្រសោបបាន៣នាក់

ភ្នំពេញៈ ប្រធានការិយាល័យស៊ើបការនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លោក ប៉ុល និលឯក បានប្រាប់ Post News ថា ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ នៅម៉ោង៨ព្រឹក និងម៉ោង១១ព្រឹកថ្ងៃទី១ សីហា ម្សិលមិញ ពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋយកម៉ូតូអស់៤គ្រឿង ក្នុងពេលមួយប៉ព្រិចភ្នែក។

ប្រធានការិយាល័យរូបនេះបានប្រាប់ទៀតថា ក្រោយទទួលព័ត៌មានថា មានករណីគាស់ផ្ទះប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះនៅចំណុចផ្ទះលេខ៣៥អា ផ្លូវ៣៧៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ម្ដុំភោជនីយដ្ឋាន អ៊ិចអូ (XO) កាលពីម៉ោង៣ទៀបភ្លឺថ្ងៃទី១ សីហា ហើយនោះ លោក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រហ្មទណ្ឌក៏បានចាត់មន្រ្តីជំនាញរបស់ការិយាល័យស៊ើបការចុះប្រមាញ់ភ្លាមៗ បន្ទាប់មកក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យបាន៣នាក់ ទី១ឈ្មោះ អាន ចាន់ថា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ។ ទី២ឈ្មោះ យិន សំអូន (ហៅប៉ោង) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ និងជនសង្ស័យទី៣ ឈ្មោះ ប៉ែន ថារ៉ូ (ហៅម៉ែនសុខ) ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភ្នំពេញ មុខរបរមិនពិតប្រាកដ។ ក្រោយពីនោះ សមត្ថកិច្ចបានដកហូតម៉ូតូជនរងគ្រោះមកវិញចំនួន៣គ្រឿង ក្នុងចំណោម៤គ្រឿង មានម៉ូតូហុងដា សេ១២៥ មួយគ្រឿង ស្មាស់មួយគ្រឿង និងម៉ូតូប្រភេទធុនធំ (Pulsar) មួយគ្រឿង។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ នឹងត្រូវបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី៣ ខែសីហា ស្អែកនេះ ដើម្បីចាត់ការតាមច្បាប់ ក្រោយពីបញ្ចប់ការសាកសួរ និងរៀបចំសំណុំរឿងរួចរាល់៕

photo_2016-08-02_15-33-39

photo_2016-08-02_15-33-41

photo_2016-08-02_15-33-44

មតិយោបល់