ភ្នំពេញៈ ដើម្បីឲ្យប្រជាពលរដ្ឋបានបំពេញតួនាទី ក្នុងការបង់ពន្ធជូនរដ្ឋស្របទៅនឹងច្បាប់ដែលបានកំណត់ រដ្ឋបាលខណ្ឌទួលគោកបានសហការជាមួយសាខាពន្ធដារ ខណ្ឌទួលគោកបានធ្វើពីធីផ្សព្វផ្សាយមួយស្តីពីពន្ធលើអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០១៦ ដើម្បីឲ្យអាជ្ញាធរ ខណ្ឌ សង្កាត់ លោកមេភូមិបានដឹងច្បាស់ យកទៅបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបន្តទៀត។
ពិធីផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០២ សីហា ឆ្នាំ២០១៦ នៅសាលាខណ្ឌទួលគោក ក្រោមអធិបតីភាពលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក លោកយិន ចិន្តាវុឌ្ឍ ប្រធានសាខាពន្ធដារខណ្ឌទួលគោកនិងមានការចូលរួមពីលោកចៅសង្កាត់ លោកមេភូមិទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោក។ ក្នុងពិធីផ្សព្វផ្សាយនេះ ក៏បានធ្វើបទបង្ហាញ ផ្សព្វផ្សាយស្តីពីពន្ធលើអចលនទ្រព្យ និងបទបង្ហាញ ផ្សព្វផ្សាយស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០១៦ ដើម្បីឲ្យមន្ត្រីមូលដ្ឋានមានចំណេះដឹងពីការបង់ពន្ធនេះកាន់តែច្បាស់។
លោក ឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា ការបង្កើតឲ្យមានផ្សព្វផ្សាយនេះឡើង គឺក្នុងគោលបំណង ឲ្យមន្ត្រីក្រុមប្រឹក្សាខណ្ឌ ចៅសង្កាត់ លោកមេភូមិទាំងអស់បានយល់ដឹង ហើយយកការយល់ដឹងនេះ ទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបន្ត ដើម្បីឲ្យពួកគាត់បានយល់ និងបានចូលរួមក្នុងការបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទឆ្នាំ២០១៦ ជូនរដ្ឋបានទាន់ពេលវេលា និងមិនមានការថ្នាំងថ្នាក់។
ក្នុងឱកាសនោះដែរ លោក ឯក ឃុនដឿនក៏បានធ្វើការណែនាំដល់មន្ត្រីរបស់រដ្ឋបាលខណ្ឌទួលគោកទាំងអស់ បញ្ឈប់ការចុះហត្ថលេខាលើការផ្ទេរ ការទិញលក់ ទ្រព្យ អចលនទ្រព្យ ដោយមិនបានបង់ពន្ធប្រថាប់ត្រា៤%ចូលរដ្ឋនោះ។ យើងចង់ឲ្យពួកគាត់ជាអ្នកលក់ អ្នកទិញ ទ្រព្យ អចលនទ្រព្យទាំងនេះកាន់ដៃគ្នាទៅបង់ពន្ធប្រថាប់ត្រាជូនរដ្ឋ។
លោកអភិបាលខណ្ឌបន្តថា ការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទៅចូលរួមបង់ពន្ធចូលរដ្ឋជាតួនាទីរបស់មន្ត្រីមូលដ្ឋានរបស់យើង ជាពិសេស គឺលោកមេភូមិតែម្តង ដូច្នេះទេ លោកចៅសង្កាត់ និងលោកមេភូមិត្រូវបំពេញតួនាទីនេះឲ្យបានល្អប្រសើរ។ ចំណែករដ្ឋវិញក៏មិនឲ្យមន្ត្រីរបស់យើងអត់ប្រយោជន៍ដែរ ពោលគឺរដ្ឋក៏បានគិតភាគរយឲ្យមកសាលារាជធានី សាលាខណ្ឌ សាលាសង្កាត់ និងលោកមេភូមិផងដែរ៕
មតិយោបល់