ភ្នំពេញៈ រថយន្តបង្កមួយគ្រឿងម៉ាក តូយ៉ាតាព្រូស ពណ៌ទឹកប្រាក់ បើកបរដោយបុរសម្នាក់ មិនបានប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត ខ្ទេចផ្នែកខាងមុខអស់មួយកំណាត់យ៉ាងដំណំ ។
ហេតការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុនីវង្សកែងផ្លូវ 182 នៅចំណុចស្តុបផ្សារអូរឫស្សី ស្ថិតនៅក្នុងសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សាក្សីនៅកន្លែងនៅកន្លែងហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បើករថយន្តមួយគ្រឿងម៉ាក តូយ៉ាតាព្រូស ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2BB2462 បើកបរតាមបណ្តោយផ្លូវ 182 ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ពេលបើកមកដល់ចំណុចកើតហេតុ បួងចង្កូតខ្លាំងពេក មិនបានប្រុងប្រយ័ត្ន ក៏ជ្រុលបុកក្បាលពុះ
ចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចអស់មួយកង់ ចំណែករថយន្តបង្កបានខូចខាតអស់មួយកំណាត់ផ្នែកខាងមុខនិងផ្ទុះពោងទាំងសងខាងទៅមុខលែងរួច រីឯម្ចាស់បើកបរបានទុករថយន្តចោល ហើយរត់គេចខ្លួនបានស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យដល់ទីតាំង ដើម្បីធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃសង្នការរាជធានីភ្នំពេញ ដើម្បីស្វែងរកម្ចាស់ចូលខ្លួនដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់