ព័ត៌មានជាតិ

ឡើងវ៉ាជែងមិនផុតវាត់កន្ទុយ ត្រូវកាប៊ីនរថយន្តម្ខាងទៀត រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តទឹកទំនិញធុនធំ បានវ៉ាជែងខណៈអកស៊ឺ បណ្ដាលឲ្យកន្ទុយរថយន្ត ផ្នែកខាងក្រោយ បោកត្រូវកាប៊ីនរថយន្តម្ខាងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង០០ នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិចែម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តទាំង០២ គ្រឿង ធ្វើដំណើរស្របទិសគ្នា ពីត្បូងទៅជើងរហូតទៅដល់ចំណុចកើតហេតុ រថយន្តហ៊្វុយសូ ពណ៌ខៀវ ដឹកទំនិញធុនធំ មួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A-6967 បានឡើងវ៉ាជែងរថយន្តមួយគ្រឿងទៀត ដែលមិនចាំស្លាកលេខ រួចក៏វេរកន្ទុយមកត្រូវរថយន្តហ្វុយសូ ពណ៌ត្រួយចេក ដែលពាក់ស្លាកលេខភ្នំពេញ 3F-7224 បណ្ដាលឱ្យរងការខូចខាតផ្នែកកាប៊ីន យ៉ាងធ្ងន់ធ្ងរ តែសំណាងល្អមិនមានអ្នករងរបួស ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះដល់ទីតាំងកន្លែងកើតហេតុ និងរង់ចាំភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នា ៕

មតិយោបល់