ភ្នំពេញៈ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ មានករណីអត្តឃាតចងកសម្លាប់ខ្លួន ស្ថិតត្រង់ចំណុចបន្ទប់ជួលអត់លេខ ផ្លូវលេខ៨៦ ក្រុម២៧០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ជុន ប៊ុនលាង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុឯកជន ស្នាក់នៅផ្ទះកើតហេតុខាងលើ ស្រុកកំណើតនៅភូមិព្រែកតាសរ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ស្រ្តីជាប្រពន្ធឈ្មោះ ស៊ុ គន្ធា ភេទស្រី អាយុ ៣២ឆ្នាំ។
ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះ មុនពេលកើតហេតុជនរងគ្រោះ និងប្រពន្ធមកស្នាក់នៅបន្ទប់កើតហេតុរយៈពេល ២ឆ្នាំមកហើយ ថ្មីៗនេះ ស្រ្តីជាប្រពន្ធបានសម្រាលកូនប្រុសម្នាក់ អាយុ ៣ខែ។ កាលពីថ្ងៃទី៣០ ខែមីនា ទាំង ២នាក់ ប្ដីប្រពន្ធឈ្លោះប្រកែកគ្នា ស្រាប់តែប្រពន្ធបីកូន និងបង្វេចខោអាវ ដើរចេញពីបន្ទប់ជួលយំសោកផងដែរ រហូតដល់វេលាម៉ោងកើតហេតុ ទើបស្រ្តីជាប្រពន្ធទាក់ទងតាមទូរស័ព្ទ ប្រាប់គាត់ឲ្យជួយមើលប្ដីនាងផង ព្រោះនាងខលទៅច្រើនដងហើយ តែប្ដីនាងមិនលើកសោះ។ នៅពេលម្ចាស់ផ្ទះដើរមកមើល ឃើញទ្វារបន្ទប់ខ្ទាស់គន្លឹះពីខាងក្នុង ហើយគាត់ក៏ស្រែកហៅ ជនរងគ្រោះ ប៉ុន្តែមិនឮឆ្លើយតបសោះ គាត់ក៏ឡើងជាន់លើកៅអីអើតមើល តាមឥដ្ឋខ្យល់ឃើញជនរងគ្រោះចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។
បើយោងតាមប្រភពព័ត៌មានពីស្រ្តីពីប្រពន្ធបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមីនា នាងនិងប្ដីមានទំនាស់ពាក្យសម្ដីគ្នា ដោយសាររឿងនាងមិនចង់ឲ្យជនរងគ្រោះ ទៅចូលរួមកម្មវិធីឆេងម៉េង នៅឯស្រុកកំណើតព្រោះខ្លាចក្រែងឆ្លងជំងឺCOVID19 ក្រោយពីឈ្លោះគ្នានាងបានទៅសម្រាកផ្ទះម្ដាយមីង នៅផ្សារដុយម៊ិច ដោយមិនទំនាក់ទំនងសួរនាំឡើយ ព្រោះជាទម្លាប់បន្ទាប់ពីឈ្លោះគ្នារំលងបាន ៥ទៅ៦ថ្ងៃទើបនិយាយរកគ្នាវិញ។ រហូតនៅព្រឹកថ្ងៃកើតហេតុ នាង និងកូនជិះរថយន្តឈ្នួលចេញពីផ្ទះមីង ដើម្បីទៅចូលរួមក្នុងកម្មវិធីឆេងម៉េង នៅស្រុកកំណើតជនរងគ្រោះ ពេលកំពុងធ្វើដំណើរតាមផ្លូវ បងប្អូនខាងប្ដីខលមកប្រាប់ថា មិនឃើញប្ដីនាងមកស្រុកទេ ទូរស័ព្ទទៅគ្មានអ្នកលើក ទើបនាងខលទៅប្រាប់ម្ចាស់ផ្ទះឲ្យទៅជួយមើលប្ដីនាងផង ទើបដឹងថា ប្ដីខ្លួនធ្វើអត្តឃាតចងកសម្លាប់ខ្លួន។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យ បានចុះមកធ្វើការត្រួតពិនិត្យលើសព បញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចងក និងក្រម៉ាជាប់ជាមួយមេដំបូលសម្លាប់ខ្លួនពិតប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់