ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ជាប់អន្ទាក់សមត្ថកិច្ចស្រុកកោះធំ ពាក់ព័ន្ធករណីលួច និងទទួលទិញផលចោរកម្ម

កណ្តាលៈ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចម៉ូតូ និង ទទួលទិញផលចោរកម្ម ចំណុចភូមិកំពង់សំបួលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ព្រំ ចាន់ថន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបរ ជាងជួសជុលម៉ូតូ ចំណែកជនសង្ស័យ៖១-ឈ្មោះ ហេង គឹមហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ២-ឈ្មោះ ញាន រស់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាក Honda Wave 100 ពណ៌ខ្មៅ មានលេខតួ RLHHC08008Y-506469 និងលេខម៉ាស៊ីន HC08E-0809464 ពាក់ផ្លាកក្លែងក្លាយលេខ ភ្នំពេញ 1F-1314 ។

ដំណើររឿង៖ នៅមុនពេលកើតហេតុកាលពីថ្ងៃទី០៥ខែ មីនាឆ្នាំ ២០២០ ជនរងគ្រោះ ព្រំ ចាន់ថន បានជួលម៉ូតូ០១គ្រឿង ម៉ាក Honda Wave 100 ពណ៌ខ្មៅ មានលេខតួ RLHHC08008Y-506469 និងលេខម៉ាស៊ីន HC08E-0809464 ពាក់ផ្លាកលេខ ភ្នំពេញ 1AH-1697 ទៅឲ្យជនបរទេសម្នាក់ ក្នុងតម្លៃ៦០ដុល្លារអាមេរិកក្នុងមួយខែ ។ លុះនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៦ និង ០០នាទី ជនបរទេសដែលបានជួលម៉ូតូខាងលើ បានមកប្រាប់ជនរងគ្រោះថា ម៉ូតូដែលខ្លួនបានជួលនោះត្រូវចោរលួចបាត់ហើយ ។ ក្រោយមកជនរងគ្រោះបានស្វែងរកម៉ូតូរបស់ខ្លួន តាមរយ:ប្រព័ន្ធ GPS ដាក់ក្នុងម៉ូតូនោះ ឃើញនៅចំណុចភូមិកំពង់សំបួលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ក្រោយពីដឹងទីតាំងម៉ូតូហើយ ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ។

ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងនគរបាលស្រុកនិងប៉ុស្ត៍ រដ្ឋបាលព្រែកថ្មី រួមជាមួយជនរងគ្រោះ បានចុះស្រាវជ្រាវស្វែករកឃើញម៉ូតូ០១គ្រឿង ដែលបានបាត់ នៅចំណុចផ្ទះជនសង្ស័យ ញាន រស់ នៅវេលាម៉ោង១១និង ៣០នាទីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ។ បន្ទាប់ មកក៏បាននាំខ្លួនជនសង្ស័យនិងវត្ថុតាង ទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនបានទិញម៉ូតូខាងលើនេះដោយគ្មានលិខិតស្នាម ឬឯកសារម៉ូតូអ្វីទាំងអស់ ពីបុរសម្នាក់ពុំស្គាល់ឈ្មោះ តាមរយៈឈ្មោះ ហេង គឹមហុង ជាអ្នកទំនាក់ទំនងរកទិញឲ្យ ។ ក្រោយមកនគរបាលបានបន្តឃាត់ខ្លួនឈ្មោះ ហេង គឹមហុង យកទៅអធិការដ្ឋាន ដើម្បីសាកសួរ ។

នៅចំពោះមុខនគរបាល ជនឈ្មោះ ហេង គឹមហុង បានសារភាពថា ខ្លួនពិតជាបានទំនាក់ទំនង ឲ្យឈ្មោះជនសង្ស័យឈ្មោះ ញាន រស់ បានទិញម៉ូតូ០១គ្រឿង ខាងលើពីបុរសម្នាក់ឈ្មោះ រិន ដែលជាអ្នកស្គាល់គ្នា រស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយម៉ូតូនោះគឺគ្មានកាតគ្រី ហើយពេលទិញ លក់ ក៏ពុំមានធ្វើលិខិតស្នាមអ្វីដែរ ។ ក្រោយពីលក់បានប្រាក់ប្រាក់ (កុំមុយស្យុង) ចំនួន១០ដុល្លារ ពីជនឈ្មោះ រិន ក្រោយពីលក់បានលុយ ក៍ត្រឡប់ទៅវិញបាត់ទៅ ។

ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់តាមនីតិវិធី ៕

មតិយោបល់