ព័ត៌មានជាតិ

ជនបរទេស​ដែល​យកលុយ​ក្លែងក្លាយ​សរសេរ​​ ព្រះ​យ៊េ​ស៊ូ​ ​ស្ដោះ​ទឹកមាត់​ដាក់​ រួច​ទុក​លើ​ទូរ​ដក​ប្រាក់​ (ATM)​ ត្រូវ​នគរបាល​បញ្ជូន​ទៅ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍

ភ្នំពេញៈ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោក​វរសេនីយ៍ឯក​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បាន​ឲ្យ​ដឹង​ថា​កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនបរទេស​ម្នាក់​ ទៅ​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ នៅ​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ២និង​៣០​នាទីរសៀល​។​

​លោកនាយ​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បន្ត​ថា​ ការ​បញ្ជូន​ជនបរទេស​ខាងលើ ​ដោយ​បានការ​អនុញ្ញាត​ពី​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​លោកស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​
​លោក​វរសេនីយ៍ឯក​ ជា​ ចិ​ត្រា​ បាន​បន្ថែម​ថា​ជនបរទេស​នោះ​ឈ្មោះ​ LEWIS​ JEFFREY​ COOK​ ភេទ​ប្រុស​ អាយុ ​៦៤​ឆ្នាំ​ ជនជាតិ​អា​មេ​រិ​ក​ បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១និង​៣០​នាទីរសៀល​ និង​បាន​ទទួល​ជនបរទេស​នោះ​ ពី​មណ្ឌល​សុខភាព​ចាក់​អង្រែ​ ពី​បទ​សង្ស័យ​មាន​មេរោគ​កូ​វី​ដ​-១៩​ និង​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​។​

​បន្ទាប់​ពី​ធ្វើការ​សាកសួរ​ដឹង​ថា​ ជន​នេះ​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ច្រើន​ដង​ លើក​ចុង​ក្រោយ​នៅ​ខែមករា​ ឆ្នាំ​២០២០​ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ គោលបំណង​ទេសចរ​ ស្នាក់​នៅផ្ទះ​សំណាក់​មាន​លាភ​២​។​ ដោយនៅ​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២០​ ជន​នេះ​បាន​ចូល​ទៅ​ក្នុង​ទូរ​ដក​ប្រាក់​ (ATM)​ មួយ​ចំនួន​ នៅ​រាជធានី​ភ្នំពេញ​ ហើយ​បាន​យក​លុយ​ក្លែងក្លាយ​ដែល​មាន​សរសេរ​ពី​សាសនា​ ព្រះ​យ៊េ​ស៊ូ​ ដោយ​ស្ដោះ​ទឹកមាត់​ដាក់​ និង​យក​ទុក​លើ​ទូរ​ដក​ប្រាក់​ (ATM)​ ក្រោយមក​កម្លាំង​នគរបាល​ បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​ មណ្ឌល​សុខភាព​ចាក់​អង្រែ​ ដើម្បី​តាមដាន​ជំងឺ​ រហូត​ដល់​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២០​ លទ្ធផល​របស់​មន្ទីរពិសោធន៍​ប៉ាស្ទ័រ​ ការ​ពិនិត្យ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ និង​បាន​ពិនិត្យ​ ទឹកនោម​រក​សារធាតុ​ញៀន​ ជា​លទ្ធផល​អវិជ្ជមាន​។​ ជន​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ ចំនួន​០២​ដង​ នៅ​សហរដ្ឋអាមេរិក​ លើក​ទី​១​ នៅ​ឆ្នាំ​១៩៩១​ រយៈពេល​១៦​ខែ​ ពី​បទ​ ដុត​បំផ្លាញ​ព្រៃឈើ​នៅ​រដ្ឋ​កាលី​ហ្វ​ញ៉ា​ និង​លើក​ទី​២​ ឆ្នាំ​២០០៧​ រយៈពេល​ ០១​ខែ​ នៅ​រដ្ឋ​វ៉ា​ស៊ី​ន​តោន​។​បច្ចុប្បន្ន​គ្មាន​លិខិត​ ឆ្លង​ដែន​ជាប់​នឹង​ខ្លួន​ (​លិខិតឆ្លងដែន​ ជន​នេះ​បាន​យក​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​បន្ត​ ទិដ្ឋាការ​ស្នាក់​នៅ​)​។​

​លោក​វរសេនីយ៍ឯក​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បាន​បញ្ជាក់​ថា​សន្និដ្ឋាន​-​មាន​ចេតនា​បំពុល​សភាពការណ៍​សង្គម​ ក្នុង​ខណៈ​ពិភពលោក​កំពុង​នាំ​គ្នា​ប្រយុទ្ធ​ប្រឆាំង​ ការពារ​ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។​ -​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​០២​លើក​។​ -​ពុំ​មានការ​សហការ​ល្អ​ ជាមួយ​សមត្ថកិច្ច​ ៕

មតិយោបល់