ព័ត៌មានជាតិ

តុលាការនឹងប្រកាសសាលក្រមសំណុំរឿង អូស្មាន់ហាសាន់ ប្តឹង អាម៉ាត់យ៉ះយ៉ា ពាក់កណ្តាលខែនេះ

ភ្នំពេញៈ ក្រោយពីបើកសវនាការសាកសួរដេញដោលពេញមួយរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦នេះ លោក ឡុង កេសភិរម្យ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើកពេកប្រកាសសាលក្រមសំណុំរឿង បរិហារកេរ្តិ៍ ដែលមានដើមបណ្តឹងលោក អូស្មាន់ ហាសាន់ ប្តឹងលោក អាម៉ាត់ យ៉ះយ៉ា ទៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។

នៅក្នុងសវនាការនារសៀលនេះលោក អាម៉ាត់ យ៉ះយ៉ា បានថ្លែងថា លោកមិនបានមានបំណងបរិហារកេរ្តិ៍លោក អូស្មាន់ ហាសាន់ នោះទេ លោកបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអេឡិចត្រូនិច ថ្មី ថ្មី នោះ គឺលោកមានបំណងការពារដីព្រះវិហារ អ៊ីស្លាម បឹងកក់តែប៉ុណ្ណោះ។ លោកថា ដីវិហារបឹងកក់ជាដីរបស់សមាគម ដូច្នេះដីនោះត្រូវផ្តល់ផលប្រយោជន៍ឲ្យបងប្អូនអ៊ីស្លាមជាសមាជិកសមាគមទាំងមូល។

លោកបានបញ្ជាក់ថា លោក អូស្មាន់ ហាសាន់ មានគម្រោងសាងសង់ខុនដូ ពិតមែន ដោយមានទាំងប្លង់សាងសង់ថែមទៀតផង ដូច្នេះសបញ្ជាក់ថា ក្នុងនាមលោក អូស្មាន់ ហាសាន់ ជាអ្នកកាន់ប្លង់ដីនោះ អាចនឹងមានផលប្រយោជន៍ពីការសាងសង់ខុនដូនោះ។ លោក អាម៉ាត់ យ៉ះយ៉ា បានបន្ថែមថា ប្លង់វិហារបឹងកក់មានពីរ ដោយមួយនៅលោក អូស្មាន់ ហាសាន់ ជាអ្នកកាន់កាប់ និងមួយប្លង់ទៀត គឺសមាគមជាអ្នកកាន់កាប់។ លោក អាម៉ាត់ យ៉ះយ៉ា យល់ព្រមចំពោះគម្រោងសាងសងផ្លូវរបស់សាលារាជធានីភ្នំពេញ ដោយសាងសង់ផ្លូវវាងតាមព្រំដីវិហារ និងមិនព្រមឲ្យសាងសង់ផ្លូវដោយពុះដីវិហារជាពីរផ្នែកនោះទេ។

លោក អូស្មាន់ ហាសាន់ មិនមានវត្តមានក្នុងសវនាការនោះទេ គឺមានតែមេធាវីការពារសិទ្ធិតែប៉ុណ្ណោះ។ យោងតាមការអះអាងរបស់មេធាវីការពារសិទ្ធិលោក អូស្មាន់ ហាសាន់ បានឲ្យដឹងថា លោក អូស្មាន់ ហាសាន់ បានប្តឹងទាមទារសំណងជំងឺចិត្តចំនួន១លានដុល្លារ។

ដើមហេតុដែលមានការប្តឹងលោក អាម៉ាត់ អាយ៉ះយ៉ា ពីសំណាក់លោក អូស្មាន់ ហាសាន់ នោះផ្តើមចេញពីបទសម្ភាសន៍រវាងលោក អាម៉ាត់ យ៉ះយ៉ា និងសារព័ត៌មានអេឡិចត្រូនិច ថ្មី ថ្មី កាលពីពេលកន្លងទៅ ដោយលោក អាម៉ាត់ យ៉ះយ៉ា បានលើកឡើងថា លោក អូស្មាន់ ហាសាន់ អាចនឹងមានផលប្រយោជន៍ពីគម្រោងសាងសង់ផ្លូវកាត់វិហារបឹងកក់ និងការសាងសងខនដូនៅលើដីព្រះវិហារបឹងកក់៕

https://youtu.be/C9XN6Unrl8w

Untitled-1

មតិយោបល់