ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូបង្ហោះ ទៅប៉ះអ្នកផ្សេង បណ្តាលឲ្យដួលស្លាប់មួយរំពេច

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗ ព្រោះតែជិះម៉ូតូបង្ហោះនៅលើផ្លូវសាធារណ: ហើយទៅប៉ះនឹងម៉ូតូ១គ្រឿងទៀត ដែលឈប់ចាក់សាំងក្បែរផ្លូវ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី០២ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៦អា ស្ថិតត្រង់ចំណុចភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ មុន ទី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិតាបែន ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បើកម៉ូតូហុងដាឌ្រីមធុនសេ 125 ពណ៌ខ្មៅ ឆ្នាំ2014 ពាក់ផ្លាកលេខប.មានជ័យ1I.9771 ជិ:ម្នាក់ឯង ហើយបានបង្ហោះប្រហែលជា៣០មែត្រ ដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាទ្រីម សេរីចាស់ពណ៌ក្រហម ដែលមាន ម្ចាស់ឈ្មោះ សូត្រ ទ្រី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិសែសិន ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលឈប់ចាក់សាំងនៅក្បែរចិញ្ចើមថ្នល់់ ។ នៅពេលទៅបុកម៉ូតូកំពុងចាក់សាំងនោះ ជនរងគ្រោះ បានទៅប៉ះនឹងទូកញ្ចក់ នៅលើម៉ូតូ សម្រាប់ដាក់លក់កណ្តូប ចង្រឹត ដែលជិះលក់តាមភូមិនោះ បណ្តាលឲ្យបែកមុតត្រង់ក ដួលប្រកាច់ស្លាប់ភ្លាមៗតែម្តង ។

ជនរងគ្រោះ ស្ថិតក្នុងស្ថានភាពស្រវឹង ហើយបង្ហោះម៉ូតូ សំណាងល្អដែលម្ចាស់ម៉ូតូកំពុងចាក់សាំងដើរចេញទៅគិតលុយថ្លៃសាំងឲ្យអ្នកលក់ បើសិនជាគាត់នៅឈរក្បែរ នោះក៏នឹងអាចឈានដល់គ្រោះថ្នាក់ផងដែរ ។ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យាតាមប្រពៃណី ។
ម្តាយជនរងគ្រោះ គាត់តែងប្រដៅណែនាំកូនដែរ កុំឲ្យដើរលេងនិងបើកម៉ូតូ លឿនៗពេក ក្រែងប៉ះពារគេឯង ហើយគាត់នឹងរកប្រពន្ធឲ្យឆ្នាំក្រោយ តែពេលនេះវាស្លាប់ទៅវិញ៕

មតិយោបល់