ព័ត៌មានជាតិ

ទើបនឹង​​ចេញពីគុកក្ដៅៗ មិនរាងចាលប្រព្រឹត្តបទល្មើសឆក់កាបូប ត្រូវកម្លាំងនគរបាលចាប់ដាក់ពន្ធនាគារវិញ

បន្ទាយមានជ័យ: កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ មកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ពីបទធ្វើសកម្មភាពឆក់កាបូប ។

ជនសង្ស័យឈ្មោះ គួន ភារ៉ូ ភេទប្រុស អាយុ ៤១ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ។

ដំណើររឿង៖ នៅវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ បានធ្វើសកម្មភាព លួចបើកទ្វារឡានឆក់យកកាបូបលុយរបស់ឈ្មោះ ហម កញ្ចនា ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិសំរោង សង្កាត់សំរោង ខេត្តឧត្តរមានជ័យ ខណ:ពេលជនរងគ្រោះបានឈប់ឡាននៅចំណុចភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នៅពេលកំពុងធ្វើសក​ម្មភាពនោះ ត្រូវបានម្ចាស់រថយន្តឃើញទាន់ ហើយបានស្រែកឆោឡោឲ្យអ្នកជិតខាងជួយស្របពេលនោះ កម្លាំងប្រជាការពារដែលនៅទីនោះបានជួយដេញចាប់បាន យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់​ប៉ោយប៉ែត ចំណែកកាបូបត្រូវបានប្រគល់ជូនម្ចាស់វិញ ។

សូមបញ្ជាក់៖ ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ពីបទឆក់ ហើយទើបតែចេញ នៅមិនរាងចាល ប្រព្រឹត្តល្មើសដដែល ពេលនេះត្រូវបានចាប់ខ្លួនម្តងទៀត ។

ករណីនេះ ត្រូវបានកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌអធិការដ្ឋាន នគរបាលក្រុងរៀបចំសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់