ព័ត៌មានជាតិ

លាន់ផាំង ខ្លាំងដូចរន្ទះ! ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់និងរបួសធ្ងន់ មនុស្ស៣នាក់

កណ្តាល: កាលពីវេលាម៉ោង០៦និង១៥នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ២គ្រឿង ដែលមានទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យបុកស្លាប់ម្នាក់ ២នាក់ទៀតរងរបួសធ្ងន់ ស្ថិតនៅក្នុងភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។

ករណីនេះបង្កឡើងដោយម៉ូតូ១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខភ្នំពេញ1FA3938 បើកបរដោយឈ្មោះ សេង ពិសី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិពុកឫស្សីលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ស្លាប់ពាក់កណ្តាលផ្លូវ ខណ:ដឹកបញ្ជូនទៅមន្ទីរពេទ្យ) ។ បើកមកដល់ចំណុចកើតហេតុ រេចង្កូតបុកមូតូ១គ្រឿងទៀតម៉ាក HondaC125 ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្ដាល 1AG 3660 បើកបរដោយឈ្មោះ ជា ណាវី ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (បញ្ច្រាសទិសគ្នា) បណ្តាលឲ្យរងរបួសធ្ងន់(បាក់ភ្លៅ) ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ មានអ្នករួមដំណើរជាមួយឈ្មោះ ស៊្រុន ម៉េងឡុង ប្រុសអាយុ ១៨ឆ្នាំ ភូមិ-ឃុំជាមួយគ្នា (បាក់ម្រាមដៃ) ដឹកទៅព្យាបាលនៅមន្ទីរពេទ្យជាមួយគ្នា ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យនិងធ្វើការវាស់វែង យកវត្ថុតាងរក្សាទុក កសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ផ្លូវច្បាប់ ។ សាកសពជនរងគ្រោះ ប្រគល់ទៅឲ្យសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់