កែបៈ អនុវត្តតាមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សែស ញ៉ន ស្នងការរងផែនការងារសន្តិសុខ និងលោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ សន្តិសុខ សហការជាមួយកំលាំងអន្តរាគមន៍ពិសេស និង អធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ចុះស៊ើបអង្កេត និងចាប់ខ្លួនមុខសញ្ញាលួចមានស្ថានទម្ងន់ទោសវាយប្លន់យកម៉ូតូ៣នាក់ ក្នុងចំណោមបក្សពួក៨នាក់ នៅចំណុចភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប និងបន្តនីតិវិធីទៅចាប់បក្សពួកជាមុខសញ្ញា២ទៀត នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត រួមទាំងវត្ថុតាងម៉ូតូc១២៥ ផលិតឆ្នាំ២០១៨ ធ្វើសកម្មភាពប្លន់១គ្រឿង និងដាវសាម៉ូរ៉ៃ1ដើមផងដែរ
។ មន្ត្រីនគរបាលការិយាល័យជំនាញ បានឲ្យដឹងថាក្រុមជនសង្ស័យបានវាយប្លន់យកម៉ូតូម៉ាក YAMAHA សុីរូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខវៀតណាម ៦៨B ១២១៧៣៨ កាលពីយប់ថ្ងៃទី០៤,០៤,២០២០ នៅចំណុចថ្នល់ដាច់ ផ្លូវជាតលេខ១៣៣២ ក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ពីជនរងគ្រោះឈ្មោះ ម៉ៅ ឧត្តម ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប និងអ្នករួមដំណើរ១នាក់ ឈ្មោះ ប៉ូ ម៉េង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនេសាទ នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ជនសង្ស័យ ទាំង០៣នាក់មាន៖
១-ឈ្មោះ ឌល ឈីត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរនេសាទ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។
២-ឈ្មោះ ជា ឆៃ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរនេសាទ (ជាប់សារធាតុញៀន) ។
៣-ឈ្មោះ ស៊ន ណារ៉ាន់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំឡាន (ជាប់សារធាតុញៀន) ។
**ទាំង២នាក់ រស់នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
ក្រោយពីធ្វើការសាកសួរតាមជំនាញជនសង្ស័យទាំង០៣ នាក់ខាងលើ បានសារភាព ថាពួកខ្លួន ពិតជាបានធ្វើសកម្មភាពប្លន់ម៉ូតូមួយគ្រឿង នៅចំណុចខាងលើ ប្រាកដមែន ។ បក្សពួកនៅសេសសល់នគរបាលការិយាល័យជំនាញនឹងកំពុងបន្តនីតិវិធីស៊ើបអង្កេតចាប់ខ្លួនបន្តទៀត ។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាងខាងលើកម្លាំងការិយាល័យជំនាញបាន បញ្ជូនទៅសាលា ដំបូងខេត្តកំពត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕
មតិយោបល់