ព័ត៌មានជាតិ

Update៖ សង្ស័យភ្លើងប្រចណ្ឌ! មន្ត្រីនគរបាលខណ្ឌសែនសុខម្នាក់ ដកកាំភ្លើងបាញ់អតីតប្រពន្ធស្លាប់ និងកូនស្រីរងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវម្តុំសាលាIU សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ បើកការបាញ់រះទៅលើរថយន្តអតីតប្រពន្ធរបស់ខ្លួនជាច្រើនគ្រាប់ បណ្តាលឲ្យកូនស្រីរបួសធ្ងន់ និងប្រពន្ធបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ៨យប់ថ្ងៃកើតហេតុ គេឃើញរថយន្ត១គ្រឿង ជិះគ្នាបីនាក់ ដោយបុរសម្នាក់ជាអ្នកបើកបរ ដោយមានដឹកអីវ៉ាន់មួយចំនួន ចេញពីផ្ទះស្ត្រីរងគ្រោះ នៅខណ្ឌសែនសុខ សំដៅយករបស់ទៅទុកនៅផ្ទះបងស្រីស្ត្រីរងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យ។ លុះមកដល់ចំណុចកើតហេតុ មុខហាង «នស២រ» តាមផ្លូវ ១០៨៦ ក៏ត្រូវបុរសជាអតីតស្វាមី ជិះម៉ូតូពីក្រោយ បើកការបាញ់ទៅលើរថយន្តចំនួន៤គ្រាប់ តែផ្ទុះមួយគ្រាប់ប៉ុណ្ណោះ គឺត្រូវចំស្ត្រីជាប្រពន្ធ និងកូនស្រីរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែជាអកុសលស្ត្រីជាប្រពន្ធ បានស្លាប់ពេលបញ្ជូន និងកូនម្នាក់ទៀត រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់។

ជនសង្ស័យឈ្មោះ ជា ចាន់បូរ៉ា មុខរបរមន្ត្រីនគរបាលខណ្ឌសែនសុខ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនបានហើយ បន្ទាប់ពីធ្វើសកម្មភាព។ ស្ត្រីរងគ្រោះ និងជនសង្ស័យ បានលែងលះគ្នាមួយរយ:ពេលហើយ។

មូលហេតុ៖ ជំហ៊ានដំបូងត្រូវបានគេដាក់ការសន្និដ្ឋានថា ដោយសារភ្លើងប្រចណ្ឌ៕

មតិយោបល់