ព័ត៌មានជាតិ

សង្ស័យតៃកុងងោកមួយភាំង! រថយន្តទេសចរណ៍ដឹកអ្នកដំណើរ របស់ក្រុមហ៊ុនបូព៌ា បើកបុករថយន្តដឹកកម្មកររោងចក្រស្គន់ របួសធ្ងន់ស្រាលមនុស្សជាច្រើននាក់

កំពង់ធំៈ នៅវេលាម៉ោង០៦ និង០០នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០២-១០៣ ភូមិដំរីស្លាប់ ឃុំស្រឡៅ ស្រុកតាំងគោក មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង រថយន្តបុករថយន្តពីក្រោយ ក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង។

ហេតុការណ៍នេះ បណ្តាលឲ្យរបួសធ្ងន់មនុស្ស០៤នាក់ (ប្រុសម្នាក់ គឺអ្នកបើកបររថយន្តដឹកកម្មករ) របួសស្រាល ១៨នាក់(ស្រី) និងខូចរថយន្ត ០២គ្រឿង។

រថយន្តទី១ ប្រភេទទេសចរណ៍ដឹកអ្នកដំណើរ របស់ក្រុមហ៊ុនបូព៌ា(៤៥កៅអី) ម៉ាកហ៊ីនយ៉ាន់ដាយ ពណ៌ស ផ្លាកលេខភ្នំពេញ 3C-9900 ធ្វើដំណើរពីជើងទៅត្បូង (ប៉ោយប៉ែត-ភ្នំពេញ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់។
ចំណែករថយន្តទី២ ម៉ាកសាំងយ៉ុង ពណ៌ស ផ្លាកលេខ ភ្នំពេញ 2M-6271 ដឹកកម្មករទៅរោងចក្រស្គន់ (ទិសដៅពីជើងទៅត្បូង) បើកបរដោយឈ្មោះ កន ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិថ្នល់
ឃុំទ្រៀល ស្រុកតាំងគោក (មុខរបរបើកបររថយន្ត)(របួសធ្ងន់)។

វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក។ មូលហេតុបឋម៖ បង្កឡើងដោយអ្នកបើកបររថយន្តទេសចរណ៍ របស់ក្រុមហ៊ុនបូព៌ាដឹកអ្នកដំណើរ បើកបរក្នុងស្ថានភាពងងុយ ទៅបុកគូទរថយន្តដឹកកម្មករ បណ្ដាលឲ្យរថយន្តដឹកកម្មករ ជ្រុលទៅជាយផ្លូវខាងស្តាំដៃ បុកពំនូកដី បណ្ដាលឲ្យក្រឡាប់រថយន្ត៕

មតិយោបល់