ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ករណីប្រើអំពើហិង្សាដោយចេតនា

បន្ទាយមានជ័យៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៣ និង០០នាទី នៅម្ដុំភ្នំ១០០ ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង បានចាត់តាំងកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ហើយនាំយកទៅបញ្ជាការមូលដ្ឋាន ដើម្បីសាកសួរ បន្ទាប់ពីសាកសួររួច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន០៣នាក់ ១-ឈ្មោះ កែវ វាសនា ២-ឈ្មោះ សួង សាវ័ន្ត និងទី៣-ឈ្មោះ អាហ័ង បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ធឿន ថាច បណ្ដាលឱ្យរងរបួសត្រង់កខាងឆ្វេងធ្ងន់ធ្ងរពិតប្រាកដមែន ប៉ុន្តែឈ្មោះ អាហ័ង ជាអ្នកកាប់ ដោយសារពួកគេមានទំនាស់គ្នា តាមរយ:លេងហ្វេសបុក ដោយជនរងគ្រោះធ្លាប់គំរាមវាយពួកគេ ។

ក្រោយពីបានចម្លើយសារភាព ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌក្រុង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ចំណែកជនសង្ស័យឈ្មោះ អាហ័ង ដែលជាជនដៃដល់ ដែលបានរត់គេចខ្លួនបាត់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រាវជ្រាវចាប់ខ្លួន ៕

មតិយោបល់