ព័ត៌មានជាតិ

របួសម្នាក់ ឃើញស្រីស្អាតស្រវឹង លួចថត ត្រូវសង្សារគេឃើញ កើតហិង្សា សមត្ថកិច្ចនាំទៅប៉ុស្តិ៍ដោះស្រាយទាំងយប់

ភ្នំពេញៈ ករណីទាស់ពាក្យសម្ដីគ្នា បណ្ដាលឲ្យមានការប្រតាយប្រតបគ្នា រហូតឈានដល់ប្រើហិង្សា របួសបុរសម្នាក់ នៅក្នុងមជ្ឈមណ្ឌលម៉ូឌែន២ បុរសរងគ្រោះជនរងគ្រោះ​ឈ្មោះ​ ឈៀក​ សុភ័ក្រ​ អាយុ២៩ឆ្នាំ ស្នាក់នៅម្ដុំអូរឬស្សី។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះ រួមទាំងសាច់ញាតិប្រុសស្រីជាច្រើននាក់ទៀត​ បានទៅ​ចូលរួមក្នុងកម្មវិធីមង្គលការ នៅក្នុងមជ្ឈមណ្ឌលម៉ូឌែន២​ ដោយមានភ្ញៀវ​ខាងប្រុសខាងស្រី មកចូលរួមពិសា​ភោជនាហារ​យ៉ាងច្រើនកុះករ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ​ ភាគីទាំងសងខាង​ បានចូលរួមពិសា​ភោជនាហារ​ក្នុងកម្មវិធី​មង្គលការ​ខាងលើ​ លុះផឹកស្រវឹងរាងខ្លួន​ ភាគីបុរសរងគ្រោះ​ បានទៅលួចថតរូបនារីម្នាក់​ ពេលមកដល់មាត់ជណ្ដើរចុះក្រោម ត្រូវបុរសជាសង្សារក្រឡេកឃើញបុរសនោះ ទើបសួរទៅបុរសរងគ្រោះថា​ «ហេតុអីបងមកថតរូបខ្ញុំ និងសង្សារខ្ញុំចឹង? ស្រាប់តែបុរសរងគ្រោះឆ្លើយថា «ហ៊ែងនឹងស្អី​ គ្រាន់តែថតមិនបាន» ឮឆ្លើយតបមកឈ្លើយ ក៏ទាស់សម្ដី ឈានដល់ប្រើហិង្សាតែម្ដង បណ្ដាលឲ្យបុរសរងគ្រោះ​ បែកក្បាលហូរឈាមជោគខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សាច់ញាតិនិងមិត្តភ័ក្តភាគីទាំងសងខាង ចូលឃាត់ បែកចេញពីគ្នា រួចប្រាប់ក្រុមសន្តិសុខមជ្ឈមណ្ឌលម៉ូឌែន២​ មកសួរនាំភាគីទាំងសងខាង និងជួយសម្រួលដែរ​។

ដោយសារតែ ឃើញបុរសរងគ្រោះ​រងរបួសបែកក្បាលឈាមពេញខ្លួន​ ខាងសន្តិសុខ​មជ្ឈមណ្ឌលម៉ូឌែន២​ បានរាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ ចុះអន្តរាគមន៍​ ហើយភាគីខាងនារីជាសង្សារ​នោះ​ សុំសម្របសម្រួលគ្នាមួយជំហានសិន​ តែមិនត្រូវគ្នា​ ទើបសមត្ថកិច្ចនាំភាគីទាំងសងខាង មកស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម​ ដើម្បីសាកសួរបន្តតែម្ដង។

លុះមកដល់ប៉ុស្តិ៍​ សមត្ថកិច្ចបានសួរនាំភាគីទាំងសងខាង​ តែភាគីដែលបុរសដែលរងរបួសនោះ​ មានឈាមហូរពេញខ្លួន ព្រោះបែកក្បាលខាងក្រោយធ្ងន់​​គួរសម ទើបសមត្ថកិច្ចឲ្យទៅលាងរបួសសិន​ នៅមន្ទីរ​ពហុព្យបាលបាយ័ន​ ដោយក្រុមគ្រូពេទ្យបានលាងរបួស និងដេរក្បាល ចំនួន៥ថ្នេរ​។

បច្ចុប្បន្នបុរសដែលប្រើហិង្សាលើបុរសម្នាក់ទៀត​ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន​បណ្ដោះអាសន្ន​​ រងចាំដោះស្រាយគ្នា តាមបណ្ដឹងជនរងគ្រោះ​៕

មតិយោបល់