សៀមរាបៈ យោងតាមផេករបស់ អគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានឲ្យដឹងថា ដោយសង្កេតឃើញថា ក្នុងពេលថ្មីៗ នេះ មានជនខិលខូចមួយចំនួន ឆ្លៀតឱកាសនាំចូល និងចែកចាយអាល់កុលក្លែងក្លាយ (មេតាណុល) ដែលធ្វើឱ្យផលប៉ះពាល់ដល់សុខភាព របស់អ្នកប្រើប្រាស់ ឯកឧត្តម ផាន អូន អគ្គនាយក អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាដល់មន្រ្តីក្រោមឱវាទ ឱ្យចុះស្រាវជ្រាវ និងបង្ក្រាបជាបន្ទាន់ការធ្វើចរាចរណ៍ ចែកចាយ នូវសារធាតុអាល់កុលក្លែងក្លាយ (មេតាណុល) ក្នុងក្របខណ្ឌទូទាំងប្រទេស។ ជាក់ស្តែងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប ខេត្តសៀមរាប ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរសុខាភិបាល នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងលក់អាល់កុលក្លែងក្លាយ (មេតាណុល) តាមអលឡាយ ០១ កន្លែង ស្ថិតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយការត្រួតពិនិត្យ និងយោងលទ្ធផលវិភាគ អាល់កុលក្លែងក្លាយ (មេតាណុល) សរុបចំនួន ១៦០ លីត្រ ត្រូវបានមន្ត្រីសាខា ក.ប.ប ធ្វើការដកហូតមករក្សាទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីបន្ត។
អគ្គនាយកដ្ឋាន ក.ប.ប សូមអំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករលក់ដុំ និងលក់រាយទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ជៀសវាងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕
មតិយោបល់