កណ្ដាលៈ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី មានករណីប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹក។
ជនរងគ្រោះឈ្មោះ ឡឹក ម៉ី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលាងរថយន្តនៅម្ដុំផ្សារសូរិយារាជធានីភ្នំពេញ
ទីលំនៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។
វត្ថុតាងចាប់យក៖ គ្មាន។
សភាពរឿងហេតុ៖ តាមការអះអាងរបស់ឈ្មោះ ឡឹក សាវន ដែលត្រូវជាបងស្រីបង្កើតជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះទៅធ្វើការជាកម្មករលាងរថយន្តនៅរាជធានីភ្នំពេញ លុះនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១និង០០នាទីជនរងគ្រោះបានមកលេងផ្ទះរបស់គាត់ ហើយនៅវេលាម៉ោង ៥និង០០នាទីជនរងគ្រោះបានសុំលុយគាត់ចំនួន ២ម៉ឺនរៀលថាវិលត្រឡប់ទៅភ្នំពេញវិញតែឈ្មោះ ឡឹក សាវន ដែលត្រូវជាបងមិនបានឲ្យលុយទេ និងឃាត់ជនរងគ្រោះថា ចាំស្អែកព្រឹកចាំទៅតែជនរងគ្រោះមិនព្រមស្ដាប់ហើយក៏ដើរចុះទៅកំពង់ទឹកទន្លេបាត់ទៅ ។
ដោយមានការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកំពង់ទូកដរត្រើយខាងឃុំបន្ទាយដែក ស្រុកកៀនស្វាយ បានបញ្ជាក់ថានៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទីពួកគាត់បានឃើញជនរងគ្រោះហែលទឹកពីត្រើយម្ខាងមកអង្គុយនៅមាត់ច្រាំងទន្លេចំណុចកំពង់ទូកដរ។
ក្រោយពេលឃើញហេតុការណ៍ពួកគាត់បានទូរស័ព្ទរាយការណ៍ ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍បន្ទាយដែក ហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍បន្ទាយដែកក៏ បានចុះមកមើលជនរងគ្រោះហើយបានសម្រួលអារម្មណ៍ជនរងគ្រោះ ឲ្យសម្រាកនៅទីនោះ និងបានផ្តល់ព័ត៌មានមកបងប្អូន ដែលរស់នៅឃុំបឹងគ្រំឲ្យទៅយកជនរងគ្រោះ ពេលជនរងគ្រោះសម្រាកលើអង្រឹងក្នុងរោងកន្លែងលក់ដូរទើបសមត្ថកិច្ចបានវិលត្រឡប់ទៅវិញ ។ វេលាម៉ោង ៩និង០០នាទីជនរងគ្រោះបានងើបពីអង្រឹង ចុះទៅកំពង់ទឹកហើយហែលទឹកត្រឡប់មកខាងឃុំបឹងគ្រំវិញ ប្រជាពលរដ្ឋនៅទីនោះគាត់បានឃាត់តែជនរងគ្រោះមិនស្ដាប់ ហើយឃើញជនរងគ្រោះហែលទឹកបានប្រវែងប្រហែលពី ៣០ ទៅ ៤០ ម៉ែត្រពីច្រាំងក៏ពួកគាត់មើលជនរងគ្រោះហែលទឹកលែងឃើញ។
ក្រោយបាត់ជនរងគ្រោះក៏ឃើញបងរបស់ជនរងគ្រោះ បានបើកទូកទៅរកជនរងគ្រោះតែរកមិនឃើញរហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០និង ៣០នាទី ទើបបានប្រទះឃើញសាកសពជនរងគ្រោះអណ្តែតនៅក្បែរច្រាំងទន្លេក្រោមកំពង់ទូកដរសាក់ពីរ ត្រើយខាងស្រុកកៀនស្វាយ ហើយក៏បានដឹកសាកសពជនរងគ្រោះយកមកភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ។
ការពិនិត្យសាកសព៖ នៅលើដងខ្លួនអវយវៈជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
ការសន្និដ្ឋាន៖ ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹក ក្រោយពីពិនិត្យបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់